សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំ នៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាព្រឹកនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះ ធ្វើឡើងនៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម»។

ការប្រារព្ធខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺជាឱកាសសម្រាប់ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា និងវាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន និងជាការសម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងសម្តែងនូវការដឹងគុណដល់អ្នកបោសសម្អាតមីនទាំងអស់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។

ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ចាប់តាំងពីឆ្នាំ ១៩៧៩ ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

បើគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិនៅតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាថ្ងៃពិសេសដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន សប្បុរសជន មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។

ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទីបានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន គាទ្រដល់យុទ្ធនាការនេះ។ គិតត្រឹមខែកក្កដា យុទ្ធនាការនេះទទួលបានថវិកាជាង ១៧លានដុល្លារអាមេរិក។ សម្រាប់ការអនុវត្តដំណាក់កាលដំបូងនៃគម្រោងនេះ នឹងត្រូវបោសសម្អាតគ្រាប់មីនឱ្យអស់ក្នុងរយៈពេល ០៦ ខែក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩។ ខេត្ត និងក្រុង/ស្រុកទាំងនោះមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តតាកែវ រីឯក្រុង/ស្រុក ០៩ មាន ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner