មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បន្តសម័យប្រជុំពេញអង្គលើកទី១ ជាមួយប្រតិភូនៃប្រទេសសង្កេតការណ៍ ភ្ញៀវកិត្តិយស និងអង្គការដៃគូរបស់អាយប៉ា
ភ្នំពេញ៖ សភាគណៈប្រតិភូអាយប៉ា ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពូជាធ្វើជាម្ចាស់ផ្ទះ បានបន្តសម័យប្រជុំពេញអង្គលើកទី១ វគ្គទីពីរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងសភាអាយប៉ា ជាមួយនឹងគណៈប្រតិភូនៃសភាសង្កេតការណ៍ ភ្ញៀវកិត្តិយស និងអង្គការដៃគូរបស់អាយប៉ា។
សម័យប្រជុំពេញអង្គលើកទី១ វគ្គទីពីរនេះ ដឹកនាំដោយ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃកម្ពុជា ជាមួយគណៈប្រតិភូសភាអាយប៉ា ប្រធានគណៈប្រតិភូនៃសភាសង្កេតការណ៍ ចំនួន ១៣ ប្រទេស រួមជាមួយភ្ញៀវកិត្តិយស និងអង្គការដៃគូរបស់អាយប៉ា ចំនួន ៧ ប្រទេស/ស្ថាប័ន។
ប្រធានប្រតិភូនៃសភាសង្កេតការណ៍ និងភ្ញៀវកិត្តិយស បានវាយតម្លៃលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ជាពិសេសទំនាក់ទំនងស្ថាប័នសភា រវាងប្រទេសនីមួយៗ ជាមួយតំបន់អាស៊ាន ផ្តល់កិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ជំនួយបច្ចេកទេស និងលើកកម្ពស់ទំនាក់ទំនងការទូត និងការយល់ដឹងពីគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋក្នុងតំបន់។
ប្រធានប្រតិភូនៃសភាសង្កេតការណ៍ និងភ្ញៀវកិត្តិយស ក៏បានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយសភាអាយប៉ា បន្តលើកកម្ពស់ភាពជាដៃគូក្នុងការអភិវឌ្ឍ និងរួមគ្នាជំរុញការងើបឡើងវិញសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩។ អង្គប្រជុំ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ នៃស្ថាប័នសភា សំដៅកសាងសន្តិភាព សាមគ្គីភាព និងកសាងសហគមន៍រួមគ្នា។
គណៈប្រតិភូនៃសភាសង្កេតការណ៍ មាន១៣ប្រទេស មានដូចជា អូស្រ្តាលី បេឡារុស កាណាដា សភាអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ារ៉ុក ន័រវែស ប៉ាគីស្ថាន សហព័ន្ធរុស្ស៊ី ទីម័រខាងកើត និងអ៊ុយក្រែង។ ចំណែកភ្ញៀវកិត្តិយស មានចំនួន ៧ មានដូចជា អាស៊ែបៃហ្សង់ នេប៉ាល់ វិទ្យាស្ថានចក្ខុវិស័យអាស៊ី វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព សមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមជ្ឈមណ្ឌលសភាអាស៊ី។
អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព ប្រកដោយចីរភាព ៕ ដោយ ហេង សម្បត្តិ+គ្រី សម្បត្តិ