ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួប សន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានិងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យ រវាងប្រទេស ប្រជាជន និងជា ពិសេស យុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការ អបអរ សាទរចំពោះការរីកចម្រើន ឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។
ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើន កើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹង ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនង រវាង ប្រជាជននិងប្រជាជន ជាពិសេសក្នុងស្រទាប់ យុវវ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តម ឧត្តម សេនីយ៍ ឯក បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនង ជិត ស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បី ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការ អភិវឌ្ឍនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា ពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕ ដោយ៖ពលជ័យ