ប្រមុខណាតូ៖ អង្គការណាតូចង់បានដំណោះស្រាយនយោបាយដែលអាចទទួកយកបាន ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធិនប៊ឺគ បានអះអាងថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងបញ្ចប់ដោយការចរចា ដែលនេះជាមូលហេតុដែលទីក្រុងកៀវ ចាំបាច់ត្រូវទទួលបាននូវផ្គត់ផ្គង់អាវុធបន្ថែមទៀត។
លោក ស្តូលធិនប៊ឺគ បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់នៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី ៦៨ នៃសភារបស់អង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា យើងទាំងអស់គ្នាចង់ឱ្យសង្រ្គាមនេះបញ្ចប់ ហើយថា វាជារឿងសំខាន់ចំពោះប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ថាតើជម្លោះនេះត្រូវបញ្ចប់យ៉ាងដូចម្តេច។
យើងត្រូវដឹងថា សង្រ្គាមនេះទំនងជានឹងបញ្ចប់នៅក្នុងដំណាក់កាលខ្លះនៅតុចរចា។ ប៉ុន្តែយើងក៏ត្រូវតែដឹងដែរថា លទ្ធផលនៃការចរចារទាំងនោះ ពឹងផ្អែកទាំងស្រុងទៅលើកងកម្លាំងនៅលើសមរភូមិ។
លោកថា ប្រសិនបើយើងចង់បានលទ្ធផលដែលអាចទទួលយកបានសម្រាប់អ៊ុយក្រែន… មធ្យោបាយដ៏ល្អបំផុតក្នុងការសម្រេចបាន នោះគឺផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។
ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចនឹងត្រូវចំណាយក្នុងតម្លៃដ៏ខ្ពស់បំផុត ប្រសិនបើរុស្ស៊ីសម្រេចបាននូវជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន ពីព្រោះវានឹងបង្ហាញដល់របបផ្តាច់ការផ្សេងទៀតថា ពួកគេអាចសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយប្រើកម្លាំងយោធា ប្រការនេះនឹងធ្វើឱ្យពិភពលោកកាន់តែគ្រោះថ្នាក់៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា