វិមានក្រឹមឡាំង៖ រុស្ស៊ីមិនស្វែងរកការផ្លាស់ប្តូរអំណាចនៅអ៊ុយក្រែនទេ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីមិនស្វែងរកការទម្លាក់រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នទេ ដោយលោកក៏បានបង្ហាញពីទំនុកចិត្តដែរថា ទីក្រុងម៉ូស្គូនឹងសម្រេចបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ។

នៅពេលសួរដោយអ្នកកាសែតរុស្ស៊ី ក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកា ថាតើវិមានក្រឹមឡាំងមើលឃើញការផ្លាស់ប្តូររបបដឹកនាំនៅក្នុងទីក្រុងកៀវ ជាគោលបំណងមួយនៃយុទ្ធនាការយោធារបស់ខ្លួនដែរឬអត់នោះ លោក ប៉េសស្កូវ បានឆ្លើយថា ទេ… លោកប្រធានាធិបតីបាននិយាយរួចហើយអំពីរឿងនោះ។

លោកថា រុស្ស៊ីបានប្ដេជ្ញាសម្រេចគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន តាមគ្រប់វិធីផ្សេងៗ និងទម្រង់ផ្សេងៗ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត AIF កាលពីពេលថ្មីៗនេះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក ខុនស្តែនធីន ខូសាឆេវ បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែនអាចមានលក្ខណៈធម្មតា បន្ទាប់ពីការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានអះអាងទៀតថា រដ្ឋាភិបាលបច្ចុប្បន្នក្នុងទីក្រុងកៀវខ្វះភាពបត់បែន ហើយត្រូវបានចងភ្ជាប់នឹងសកម្មភាព និងមនោគមវិជ្ជាមុនៗរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា បណ្តាប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែន បានចោទប្រកាន់វិមានក្រឹមឡាំងម្តងហើយម្តងទៀតថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយលើកបណ្តប់ជំនួសដោយរបបដឹកនាំអាយ៉ង៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner