រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំមន្ត្រីជំនាញ មជ្ឈមណ្ឌលវិភាគ សំណល់ជាតិពុលក្នុងបន្លែ និង ផ្លែឈើ នៅក្រុងតាខ្មៅ ត្រូវធ្វើឱ្យបន្លែ ផ្លែឈើដែលចេញពីមជ្ឈមណ្ឌលរបស់យើង គឺគ្មានសារធាតុគីមី និងកាក់សំណល់ជាតិពុល ក្នុងបន្លែសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ
ខេត្តកណ្ដាល ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលត៊រួមនិង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌល វិភាគ សំណល់ជាតិពុលក្នុងបន្លែ និង ផ្លែ ឈើ នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្ដម ឌិត ទីណា បានណែនាំដល់មជ្ឈមណ្ឌល វិភាគ សំណល់ជាតិពុលក្នុងបន្លែ និង ផ្លែ ឈើ នៅក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ធ្វើយ៉ាងណាអោយបន្លែ ផ្លែឈើដែលចេញពីមជ្ឈមណ្ឌលរបស់យើងគឺគ្មានសារធាតុគីមី និងកាក់សំណល់ជាតិពុល ក្នុងបន្លែសុវត្ថិភាព ដើម្បីធ្វើអោយប្រជាពលរដ្ឋទទួលបាននូវបន្លែដែលមានសុវត្ថិភាពមានគុណភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា នៅពេលដែលប្រជាពលរដ្ឋទទួលបាននូវបន្លែ ផ្លែឈើដែលគ្មានសារធាតុពុល ធ្វើអោយអ្នកបរិភោគមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗហើយនៅពេលដែលយើងបរិភោគនូវ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ។នៅពេលដែលយើង បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើង ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន។
ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍បន្ថែមថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើងទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ៕ ដោយ-រ៉ាវុធ