គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាពីការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងបរិវត្តកម្មឌីជីថល និងជំរុញនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ាន
ភ្នំពេញ ៖ គណ:កម្មាធិកាសេដ្ឋកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៣ រួមមានៈ
- ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាសម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងតំបន់អាស៊ានតាមរយៈអភិក្រមបរិស្ថាន សង្គម និងអភិបាលកិច្ច
- ការលើកកម្ពស់ការកសាងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងបរិវត្តកម្មឌីជីថល
- ការជំរុញនវានុវត្តន៍ឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម ទី សុគន្ធ សមាជិករដ្ឋសភា ជាប្រធានគណ:ប្រតិភូសភាកម្ពុជា និងឯកឧត្តម យឹម លាត សមាជិករដ្ឋសភា ជាអ្នករាយការណ៍ និងតំណាងគណៈប្រតិភូសភាសមាជិកអាយប៉ាចំនួន ៧ប្រទេសទៀតបានចូលរួម គឺមានសភាព្រុយណេដារូស្សាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។
កិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចបានធ្វើឡើងក្នុងស្មារតីប្រពៃណីអន្តរសភាអាស៊ាន នៃមិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំបានពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ខាងលើ និងបានពិភាក្សាពីការជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការគាំទ្ររបស់សភាអាយប៉ា លើសេក្តីព្រមព្រៀងដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ជាដើម។
អង្គប្រជុំ ក៏បានពិភាក្សាលើការចូលរួមរបស់សភាអាយប៉ាលើកកម្ពស់លើការតភ្ជាប់ ធុរកិច្ច និងការវិនិយោគបៃតង ការអភិវឌ្ឍថាមពលស្អាត ការប្រើប្រាស់ឌីជីលក្នុងពាណិជ្ជកម្ម និងពាណិជ្ជកម្មឆ្លងព្រំដែន ដោយមានចីរភាព និងបរិយាបន្ន ក្នុងតំបន់។
បន្ទាប់ពីបានទទួលការឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណ:កម្មាធិកាសេដ្ឋកិច្ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាពេលនេះរួចហើយ សេចក្តីព្រាងសេចក្តីសម្រេចទាំង៣ នឹងត្រូវដាក់ឆ្លងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ធ្វើការអនុម័ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ