កិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងទិសដៅការងារបន្ត
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC)បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOMTC-កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរនាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកានៃក្រុមការងារ SOMTC នាពេលកន្លងមក ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាតាមផែនការនៃការទទួលខុសត្រូវតាមយន្តការរបស់អាស៊ាន ដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដែលកន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យជាទីមោទនៈ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា បើទោះស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី តែសមាជិក សមាជិកានៃក្រុមការងារ SOMTCបានចំណាយពេលវេលាក្នុងការចូលរួមបណ្តាកិច្ចប្រជុំក៏ដូចជាការបណ្តុះបណ្តាលនានាពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងសកម្មក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងមក។
លោកជំទាវ វីរក្ស វិជ្ជនី អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការក្រុមលេខាធិការ នៃក្រុមការងារ SOMTC-កម្ពុជាបានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOMTC-កម្ពុជា ដោយលោកជំទាវបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅក្រុមការងារ SOMTC-កម្ពុជាបាន ចូលរួមកិច្ចប្រជុំ SOMTCលើកទី២១ និងកិច្ចប្រជុំAMMTCលើកទី១៥ចំនួន២៧កិច្ចប្រជុំ និងបានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល៣៤លើក។
ក្រុមការងារ SOMTCដែលមានតំណាងនៃក្រុមការងារទទួលផែននីមួយៗ បានធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងទិសដៅការងារបន្តដែលមានការលើកឡើងនូវសំណើរ សំណូមពរ និងបញ្ហាប្រឈមដែល ផែនទទួលបន្ទុកនីមួយៗជួបប្រទះព្រមទាំងផែនការដែលត្រូវត្រៀមលក្ខណៈសម្រាប់កាងារនៅឆ្នាំបន្តបន្ទាប់ទៀតជូនអង្គប្រជុំផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើចំពោះលទ្ធភាព និងសមាសភាពដែលបានបំពេញការងាររួមគ្នាក្លាយទៅជាយន្តការមួយដែលដំណើរការបានទាំងថ្នាក់ជាតិ អន្តរជាតិ និងកម្រិតតំបន់ ជាពិសេសការចូលរួមជាមួយ បណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ក៏ដូចជានាំមកនូវជោគជ័យ ថ្មីៗថែមទៀតក្នុងនាមជាសេនាធិការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសជាសេនាធិការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធាននៃAMMTC ៕ ដោយ-រ៉ាវុធ