សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកនៅទឹកដីកម្ពុជានឹងទទួលបានលទ្ធផលវិជ្ជមាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារំពឹងថាការជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិចិននិងសហរដ្ឋអាមេរិកនៅទឹកដីកម្ពុជានឹងទទួលបានលទ្ធផលវិជ្ជមាន។ភាគីទាំងពីរមានវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក(ADMM+) លើកទី៩ ដែលនឹងប្រព្រឹត្តិទៅនាខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីជំនួបទ្វេភាគីដាច់ដោយឡែករវាងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Feng He និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នាខណៈកិច្ចប្រជុំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក(ADMM+) លើកទី៩ ដែលប្រព្រឹត្តិទៅចាប់ទីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមនិយាយផងដែរថា នៅប៉ុន្មានថ្ងៃខាងមុខ បើសិនគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបនៅខេត្តសៀមរាប» ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២រូបនេះ បង្ហាញក្តីរំពឹងថា ជំនួបទ្វេភាគីដាច់ដោយឡែករវាងប្រមុខការពារជាតិនិងអាមេរិកនិងចិននៅទឹកដីកម្ពុជាក្នុងពេលនេះ ជាឱកាសដែលកម្ពុជាដើរតួនាទីជាទីសម្របសម្រួលនៃមហាអំណាចទាំងពីរ​ ដែលលោកសង្ឃឹមថា ភាគីចិននិងអាមេរិកនឹងរួមគ្នាសហការឲ្យបានល្អ ដើម្បីនាំមកនូវស្ថេរភាពក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងគណៈប្រតិភូបានមកដល់ខេត្តសៀមរាបនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៩។ ចំណែករដ្ឋមន្ត្រីការពារជាតិចិនលោក Wei Feng He និងគណៈប្រតិភូបានធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផង និងចូលរួមកិច្ចប្រជុំនៃបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីបញ្ហាសន្តិសុខនៅខេត្តសៀមរាបផង។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ក្នុងឱកាសដែលកម្ពុជាជាប្រធានអាស៊ាន កម្ពុជាអាចបង្កលក្ខណៈដោយផ្តល់ជាបរិយាកាសអំណោយផល ជាវេទិកាសម្រាប់ប្រទេសមហាអំណាចមកជជែកពិភាក្សាគ្នាត្រង់ទៅត្រង់មកទៅលើបញ្ហាសន្តិសុខនិងការភ័ន្តច្រឡំគ្នា។

លោកបណ្ឌិត គិន ភា គូសបញ្ជាក់ថា៖ «កន្លងមក សារមួយចំនួនចេញពីក្រុងវ៉ាស៊ីនតោនទៅប៉េកាំង ឬពីប៉េកាំងពីវ៉ាស៊ីនតោន គឺប្រព្រឹត្តទៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំយល់ថា ការណ៍នេះជាឱកាសល្អដើម្បីឲ្យមហាអំណាចទាំងពីរបានជជែកទល់មុខគ្នា ជាពិសេសលើកឡើងពីបញ្ហាកង្វល់រៀងៗខ្លួនរបស់ពួកគេជុំវិញបញ្ហាសន្តិសុខនិងបញ្ហាពាក់ព័ន្ធនានាក្នុងក្របខណ្ឌអន្តរជាតិ ដែលប្រទេសទាំងពីរកំពុងដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ »។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ មើលឃើញពីបញ្ហាធំៗ បីដែលភាគីចិននិងសហរដ្ឋអាមេរិកអាចមានលទ្ធភាពលើកយកមកពិភាក្សាក្នុងជំនួបទ្វេភាគីនៅកម្ពុជាពេលនេះ។ ទី១ បញ្ហាវិបត្តិរុស្ស៊ី-អ៊ុយក្រែន ដែលសហរដ្ឋអាមេរិកចង់បានជំហរម៉ឺងម៉ាត់របស់ចិននៅចំពោះមុខក្រុងមូស្គូជុំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែន ខណៈ​ក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តកំពុងរៀបយុទ្ធសាស្រ្តបិទផ្លូវរុស្ស៊ី។ ទី២ សំណុំរឿងជម្លោះចិន-តៃវ៉ាន់ ដែលភាគីទាំងពីចាំបាច់ពិភាក្សាគ្នា ចៀសវាងផ្ញើសារនយោបាយដល់គ្នាខុស ខណៈចិននៅប្រកាន់យកគោលការណ៍ចិនតែមួយ(One-China Policy) នៅចំពោះមុខសហរដ្ឋអាមេរិកដែលធ្លាប់គោរពតាម។ ទី៣ បញ្ហាជម្លោះសមុទ្រចិនខាងត្បូង ខណៈសហរដ្ឋអាមេរិកកំពុងរៀបយុទ្ធសាស្រ្តចាក់មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោមព័ទ្ធនិងទប់ទល់ឥទ្ធិពលរបស់ចិនដែលកំពុងរីកសាយភាយនៅក្នុងតំបន់នេះ។

សេចក្តីប្រកាសពីសេតវិមានចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកគ្រោងវិនិយោគថវិកាប្រមាណ១០លានដុល្លាជារៀងរាល់ឆ្នាំដល់តំបន់អាស៊ាន គោលដៅគាំទ្រដល់មេដឹកនាំវិស័យការពារជាតិជំនាន់ថ្មី។ គម្រោងនេះ នឹងផ្តល់នឹងផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកថ្នាក់ភាសាអង់គ្លេស រូមនឹងវគ្គសិក្សាផ្តោតលើច្បាប់អន្តរជាតិ ផែនការយុទ្ធសាស្រ្តការពារជាតិ និងថវិកាការពារជាតិប្រកបដោយការទទួលខុសត្រូវ និងវគ្គសិក្សាស្តីពីការបែងចែកធនធាន។

គម្រោងរបស់រដ្ឋបាលបៃដិននេះ ធ្វើឡើងក្នុងគោលដៅពន្លឿនវិជ្ជាជីវៈក្នុងវិស័យការពារជាតិ បង្កើនលទ្ធភាពកសាងការយល់ដឹងចំពោះគ្នាទៅវិញទៅមក និងជាទំនាក់ទំនងយូរអង្វែងក្នុងចំណោមបណ្តាមេដឹកនាំការពារជាតិនៅអាស៊ីអាគ្នេយ៍ជំនាន់ក្រោយ ជាមួយសមភាគីសហរដ្ឋអាមេរិកផ្ទាល់។

លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថាជំនួបរវាងមេយោធាទាំងពីរ គឺនឹងមិនមានលក្ខណៈតឹងសរសៃកដាក់គ្នាទៀតឡើយ។ លោក វណ្ណលី សង្កត់ធ្ងន់ថា ការប្រណាំងប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយរបស់បណ្តាប្រទសមហាអំណាច ជាពិសេសសហរដ្ឋអាមេរិក និងចិន ដែលមិនមានការថមថយ បានបង្កជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់សន្តិសុខក្នុងតំបន់អាស៊ាន ដែលញ៉ាំងឲ្យភាគីអាស៊ានធ្វើការសម្របសម្រួលចំពោះការប្រឈមមុខដាក់គ្នានៃប្រទេសមហាអំណាចទាំងនោះ ដើម្បីក្របខណ្ឌសន្តិសុខតំបន់ និងដើម្បីកុំឲ្យរាំងស្ទះដល់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូអភិវឌ្ឍន៍៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner