ឯកឧត្តម សាយ សំអាល់៖ ការកំណត់ទស្សនវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍ ជាកត្តាចាំបាច់

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំ ទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។ ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗគ្រប់កាលៈទេសៈ ដូចជា ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេស យកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ក៏ដូចជាមន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។ ឯកឧត្តម បានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូលដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ឱ្យដឹងថា ការកំណត់នូវទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម ៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner