គោលដៅចម្បងមួយ នៃការសម្រេចឱ្យបាន នូវការអភិវឌ្ឍប្រកបដោយចីរភាព គឺការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់ នៅតាមដងផ្លូវឱ្យបាន ៥០ភាត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ គោលដៅចម្បងមួយនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់នៅតាមដងផ្លូវឱ្យបាន៥០ភាគរយត្រឹមឆ្នាំ២០៣០ ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកពីបណ្តាប្រទេសជុំវិញពិភពលោកនឹងមកជួបជុំគ្នា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលជាផ្នែកមួយនៃសប្តាហ៍មហាសន្និបាតអង្គការសហប្រជាជាតិ។ នេះគឺជាពេលវេលាដ៏មានសារៈសំខាន់ដើម្បីធ្វើការពិនិត្យទៅលើវឌ្ឍនភាពនាពេលបច្ចុប្បន្នក្នុងការអនុវត្តរបៀបវារៈសម្រាប់ឆ្នាំ២០៣០ ហើយនឹងរបៀបដែលយើងនឹងត្រូវធ្វើដើម្បីឈានឱ្យគៀកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧។

លោក Jean Todt បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តកម្មវិធី «ការបណ្តុះបណ្តាលអំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២» កាលពីថ្ងៃទី២៤ខែវិច្ឆិកា នារាជធានីភ្នំពេញ ថា លោកនឹងធ្វើការកៀរគរឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា ៖ «ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិភពលោកត្រូវការអង្គការសង្គមស៊ីវិល ដូចជាអង្គការមូលនិធិបង្ការរបួសអាស៊ីជាដើម ដើម្បីជំរុញទៅរកការរីកចម្រើនតាមរយៈការលើកកម្ពស់នវានុវត្តដែលនឹងមានលទ្ធផលជះដូចថ្ងៃនេះជាដើម»។

លោកក៏បានលើកឡើងដែរថា កម្មវិធី App នៅលើទូរស័ព្ទដៃដែលផ្តល់ជូនអ្នកបើកបរ របស់អ្នកបើកបរថយន្តដឹកកម្មករនិយោជិតនេះនឹងជួយឱ្យពួកគេមានសុវត្ថិភាពនៅលើដងផ្លូវដែលផ្តល់ឱកាសឱ្យយើងបង្កើតបានអនាគតដែលមានសុវត្ថិភាពជាងមុននិងមាននិរន្តភាព។

កម្មវិធីដំឡើង Eco Safe App មានគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរតាមរយៈការផ្តល់នូវចំណេះដឹង និងជំនាញក្នុងការការពារពេលបើកបរ ការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃភាព ព្រមទាំងសុវត្ថិភាពយានយន្ត។ នេះគឺជាអ្វីដែលអ្នកបើកបររថយន្តដឹកកម្មករនិយោជិតត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីបើកបរប្រកបដោយសុវត្ថិភាពប្រសើរឡើងប្រកបដោយនិរន្តរភាព។

លោកស្រី មើរ៉ាម ស៊ីឌីក (Mirjam Sidik) នាយិការប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរថា គោលបំណងចំបងនៃកម្មវិធី Eco Safe Driving App ដើម្បីធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាន់តែប្រសើរឡើង។

លោកស្រីថា ៖ «ការលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូនរួមប្រកបដោយសុវត្ថិភាពប្រសើរឡើង និងឱ្យមានការវាស់វែងនៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើឥរិយាបថនៃការបើកបរដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធី អេប (App)នេះ»។

ក្នុងការអនុវត្តកម្មវិធីដំណាក់កាលទី១ បានផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរដឹកកម្មករនៅរោងចក្រចំនួន៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដោយផ្តល់នូវជំនាញបើកបរដើម្បីសង្រោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងនាមជាអ្នកបើកបរនៅលើដងផ្លូវ។

សូមបញ្ជាក់ថា កម្មវិធី Eco Safe Driving App នេះគឺសម្រាប់តាមដានការបើកបរតាមរយៈការតភ្ជាប់ប្រព័ន្ធ (GPS) ដើម្បីប្រមូលនូវទិន្នន័យអំពីការប្រើប្រាស់ល្បឿន កុងទ័រល្បឿន និងបេ្រង ចម្ងាយផ្លូវនៃការធ្វើដំណើរ ការគត់ត្រាបរិមាណនៃការចាក់ប្រេងឥន្ធនៈ និងការប្រើប្រាស់ ឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នកបើកបរម្នាក់ៗទៅតាមតំបន់គោលដៅនីមួយៗ ដើម្បីធ្វើការកែលម្អ។

លោកស្រី មឹន មាណវី អគ្គលេខាធិការនៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានថ្លែងក្នុងសិក្ខាសាលានេះដែរថា ការចូលរួមចំណែកជួយដល់កម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ គឺជាការរួមចំណែកយ៉ាងធំ ធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ និងការពារអាយុជីវិតមនុស្ស ក៏ដូចជាកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំសម្រេចឲ្យ បានជោគជ័យលើគោលដៅអភិវឌ្ឍប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិផងដែរ»។

យោងតាមទិន្នន័យប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំក្នុងអំឡុងទស្សវត្ស២០១១-២០២០ ឃើញថា គ្រោះថ្នាក់ចរាចរណ៏តែងតែកើតមានឡើងលើយុវជន ដែលមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ ដោយសារ តែការប៉ះទង្គិចរវាងទោចក្រយានយន្តនឹងរថយន្ត ឬនឹងទោចក្រយានយន្តដូចគ្នា។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានអ្នកប្រើប្រាស់ម៉ូតូប្រមាណជាង៧៥ភាគរយ ក្នុងនោះមានតែ៣៩ភាគរយតែប៉ុណ្ណោះដែលបានពាក់មួកសុវត្ថិភាព។មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺល្បឿនប្រមាណ៣៨ភាគរយ, មិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្តាំ១៤ភាគរយ, វ៉ាជែង៨ភាគរយ, បត់ក្នុងស្ថានភាពគ្រោះថ្នាក់៨ភាគរយ, ស្រវឹង៤ភាគរយ ,យានយន្ត៣ភាគរយនិង ងងុយ១ភាគរយ។ នេះបើតាមលោកស្រី មឹន មាណវី។

លោកស្រីបានថ្លែងបញ្ជាក់ថា ៖ «ខ្ញុំសុំឱ្យកិច្ចសហការដ៏ប្រពៃនេះនៅតែបន្ត យ៉ាងរឹងមាំទៅថ្ងៃអនាគត រហូតទាល់តែយើងអាចរួមគ្នាសម្រេចឲ្យបានក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០ភាគរយ នៅក្នុងទស្សវត្សឆ្នាំ២០២១-២០៣០ សំដៅធានឱ្យបាននូវជីវភាពរស់នៅដ៏ល្អប្រសើររបស់គ្រប់ក្រុមគ្រួសារ»៕
ដោយ៖នាង សុគន្ធា

ads banner