សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព ទាំងការដាក់ ចេញនូវគោលនយោបាយ ការកែទម្រង់ បទប្បញ្ញត្តិ ការប្រើប្រាស់មធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា ដើម្បីកាត់បន្ថយ និងលុបបំបាត់បាតុភាពអសកម្ម និងអំពើពុករលួយ ។

ការអប់រំ និងបង្ការ ទប់ស្កាត់នូវអំពើពុករលួយ ក៏ជាភារកិច្ច របស់គ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងព្រះរាជណាចក្រកម្ពុជាដែលកំពុង ផុលផុសតាមអភិក្រមងាយយល់ ” ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

អភិក្រម ៥ នេះ កំពុងត្រូវបានអនុវត្ត មិនត្រឹមតែលើការងារប្រឆាំង អំពើពុករលួយតែមួយមុខនោះទេគឺលើគ្រប់វិស័យនៃការងារ ទាំងអស់។ នេះបើយោងតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ជូនកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយ អាស៊ានលើកទី១៨ រាជធានីភ្នំពេញ។

កិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី១៨ ដែលកម្ពុជាទទួលជាប្រធានប្តូរវេនពីខែវិច្ឆិកាឆ្នាំ២០២២នេះរហូតដល់​ខែវិច្ឆិកាឆ្នាំ២០២៣។កិច្ចប្រជុំបានប្រព្រឹត្តទៅថ្ងៃទី ២២-២៣ ខែវិច្ឆិកានៅរាជធានីភ្នំពេញ។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការលើកទឹកចិត្តដល់ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងការបន្តពង្រឹងពង្រីកសមត្ថភាព និងផ្តល់កិច្ចសហប្រតិបត្តិ ការយ៉ាងល្អ ទាំងក្នុងប្រទេស ទាំងក្នុងតំបន់ មានន័យថា បំពេញភារកិច្ចជាតិ និងភារកិច្ចរបស់តំបន់ កាតព្វកិច្ចអន្តរ ជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន រួមមានអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់-UNCAC) ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (FATF) អនុស្សរណៈ នៃការយោគយល់គ្នាអាស៊ាន-ផេក និងអនុស្សរណៈនៃការយោគយល់គ្នាផ្សេងៗដែលពាក់ព័ន្ធ។

នៅក្នុងសារលិខិតដដែលសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសាទរការ អញ្ជើញមកដល់រាជធានីភ្នំពេញ របស់ប្រតិភូជាភាគីប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៨ ដែលកម្ពុជាទទួលជាប្រធានប្តូរវេនពីខែ វិច្ឆិកា ឆ្នាំ២០២២ នេះ រហូតដល់ខ វិច្ឆិកា ឆ្នាំ​២០២៣ ។ ក៏ដូចជាកិច្ចប្រជុំថ្នាក់ដឹកនាំលើកមុនៗដែរ កិច្ចប្រជុំថ្នាក់ដឹកនាំភាគីប្រឆាំងអំពើពុករលួយអាស៊ានទាំង ១០ប្រទេស ពិតជានាំមកនូវសារៈសំខាន់ និងថាមពលបន្ថែមទៀតដល់អាស៊ាន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន និងការសហការគ្នារវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងស្ថាប័ននានា ក្នុងប្រទេសនិងរវាងស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសនីមួយៗក្នុងក្របខណ្ឌប្រទេសនិងក្នុងក្របខណ្ឌអាស៊ាន ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរលោកជំទាវ ដាក់ ទិន នាយកការិយាល័យប្រឆាំងអំពើពុករលួយព្រុយណេដារូហ្សាឡឹម ដែលពេញមួយឆ្នាំកន្លងមក បានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ សម្រេចបានជោគជ័យ ក្នុងឋានៈជាប្រធានប្តូរវេន។ សូមសំណូមពរអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជណាចក្រកម្ពុជា បន្តការទទួលខុសត្រូវ និងខិតខំបំពេញការងារ ដើម្បីសម្រេចឱ្យបានជោគជ័យជាបន្តបន្ទាប់ទៀត តាមស្មារតី និងការឯកច្ឆ័ន្ទរបស់អាស៊ានផេក៕ ដោយ៖ពលជ័យ

ads banner