មន្រ្តីអង្គការអន្តរជាតិខាងការងារ៖ បញ្ហាសុវត្ថិភាព និងសុខភាពការងារជាបញ្ហាដែលអង្គការនេះយកចិត្តទុកដាក់ខ្លាំង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) បានលើកឡើងថា បញ្ហាសុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដែល ILO យកចិត្តទុកដាក់ខ្លាំង និងត្រូវបានដាក់បញ្ចូលជាគោលការណ៍មូលដ្ឋានទី៥ របស់អង្គការអន្តរជាតិខាងការងារ និងប្រទេសជាសមាជិក។

លោក Yasuo Ariga អ្នកគ្រប់គ្រងគម្រោង ILO/OSH Project បានលើកឡើងដូចនេះ ក្នុងសិក្ខាសាលាបូកសរុបសមិទ្ធផលផែនការមេលើកទី២ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ និងសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ផែនការមេលើកទី៣ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងដោយ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន។

លោក Yasuo Ariga បានលើកឡើងថា កន្លងមក ក្រោមកិច្ចហការជាមួយនាយកដ្ឋានពេទ្យការងារ គម្រោង បានសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការកសាងកម្រងព័ត៌មានជាតិលើកទី២ ផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០១៨-២០២២ ជាដើម។

លោកបានបញ្ជាក់ថា ៖ «បញ្ហាសុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដែល ILO យកចិត្តទុកដាក់ខ្លាំង និងត្រូវបានដាក់បញ្ចូលជាគោលការណ៍មូលដ្ឋានទី៥ របស់អង្គការអន្តរជាតិខាងការងារ និងប្រទេសជាសមាជិក»។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញលើលទ្ធផលការងារនៃការអនុវត្តសកម្មភាពអាទិភាពនីមួយៗ នៅក្នុងផែនការមេលើកទី២ ក្នុងរយៈពេល ៥ឆ្នាំ ការកំណត់អំពីបញ្ហាប្រឈម ដើម្បីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ និងពិភាក្សាលើការរៀបចំផែនមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងគាំពារដល់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធានានូវកំណើនការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។

នាដើមខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ»។

ចំណែកការបោះពុម្ពផ្សាយកម្រងព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១១ ដែលជាឯកសារជាលើកដំបូង បង្ហាញអំពីព័ត៌មាន និងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការដាក់ឱ្យប្រើប្រាស់នេះ ដើម្បីជាការឆ្លុះបញ្ជាំងនូវការបេ្តជ្ញាចិត្តជាមួយនិងសា្មរតីទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ ក្នុងការសម្រេចឱ្យបាន និងការឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងផែនមេលើកទី២ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០១៨-២០២២ ដែលក្រសួងបានដាក់ចេញ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា៕ ដោយ៖ នាង សុគន្ធា

ads banner