កម្ពុជានឹងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរ នាពាក់កណ្តាលខែធ្នូខាងមុខនេះ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរ និងប្រាសាទអង្គរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជានឹងប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរនៅពាកក់កណ្តាលខែធ្នូខាងមុខនេះ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណនៃការខិតខំរបស់បុព្វបុរសខ្មែរសម្រាប់អ្នកជំនាន់ក្រោយ និងជាការរំលឹកខួបនៃការដាក់បញ្ចូលតំបន់អង្គរក្នុងបញ្ជីរបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូផងដែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសារាចរណែនាំពីការរៀបចំពិធីនេះ កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយឱ្យអាជ្ញាធរជាតិអប្សរា រៀបចំសកម្មភាពលម្អិត ពាក់ព័ន្ធនឹងពិធីបុណ្យរំលឹកគុណអង្គរ នៅក្នុងបរិវេណរមនីយដ្ឋានអង្គរ ខេត្តសៀមរាប។

តាមសារាចរណែនាំនេះ អាជ្ញាធរអប្សរាត្រូវរៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះមានកម្មវិធីនានាតាមថ្ងៃនីមួយៗ ទីតាំងសម្រាប់ប្រារព្ធកម្មវិធី សមាសភាពអ្នកចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំនិងលទ្ធភាពមធ្យោបាយថវិកាជាដើម ក្នុងន័យរំលេចពីសារៈសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃពិធីបុណ្យនេះ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជន ជាពិសេសស្រទាប់យុវជនឲ្យមានស្មារតីមុតមាំ ក្នុងកិច្ចចូលរួមថែរក្សា ការពារ លើកតម្កើងតម្លៃបេតិកភណ្ឌជាតិ។

លោកជំទាវរដ្ឋមន្រ្តីបានលើកឡើងតាមរយៈសារាចរនេះថា ៖ «រដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរនៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល ៣ថ្ងៃ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ»។

ពាក់ព័ន្ធនឹងការប្រារព្ធពិធីរំលឹកគុណអង្គរ នេះ លោក ឡុង កុសល ជាអគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីរំលឹកគុណអង្គរនេះគឺដើម្បីរលឹកដល់គូណូបការៈមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ ទាំងអង្គរាជវង្សានុវង្ស មន្ត្រីរជការ អ្នកមុខអ្នកការ អ្នកប្រាជ្ញ បណ្ឌិតកវី ពលរដ្ឋសាមញ្ញទូទៅ។

លោកថា ពួកគាត់បានខិតខំកសាង ថែរក្សា មើលខុសត្រូវ និងជួសជុលប្រាង្គប្រាសាទដើម្បីបន្សល់ទុកជាមរតកមានតម្លៃដល់កូនខ្មែរជំនាន់ក្រោយនិងតទៅអនាគត និងជាការដាស់ស្មារតីដល់ពលរដ្ឋឲ្យចូលរួមថែរក្សា និងលើកតម្កើងតម្លៃនៃបេតិកភណ្ឌជាតិផង។

លោក ឡុង កុសល បានថ្លែងថា ៖ «ក្រៅពីនោះ យើងបង្ហាញតម្លៃនៃកោះសន្តិភាពនៃទឹកដីយើង ព្រោះបើគ្មានសន្តិភាពទេ យើងមិនអាចធ្វើអ្វីៗគ្រប់យ៉ាងបានឡើយ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការខិតខំថែរក្សា ការពារ នូវសន្តិភាពនេះឲ្យបានគង់វង្ស»។

តាមរយៈការឱ្យដឹងពីលោក ឡុង កុសល ពិធីបុណ្យរំលឹកគុណអង្គររយៈពេល ៣ ថ្ងៃនៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ នឹងមានកម្មវិធីសំខាន់ៗតាមរយៈថ្ងៃនីមួយៗ។

លោកបានប្រាប់លំអិតពីថ្ងៃនីមួយៗថា នៅថ្ងៃទី១៤ ខែធ្នូ ជាថ្ងៃប្រារព្ធទី១ អាជ្ញាធរជាតិអប្សរានឹងមានការរៀបចំពិធីសាសនាដ៏ធំមួយនៅវេលាព្រឹកនាបរិវេណប្រាសាទអង្គរវត្ត ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តនិងបិណ្ឌបាតជាច្រើនរយអង្គ ចំណែកនៅពេលល្ងាចវិញ នៅខាងក្រោយប្រាសាទអង្គរវត្ត នឹងមានការរៀបចំកម្មវិធីរាត្រីចងចាំដែលជាកម្មវិធីរំលឹកដល់មរតកវប្បធម៌អរូបីទាំងអម្បាលមានដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីរបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ(UNESCO) ។

ចំណែក នៅថ្ងៃទី១៥ ខែធ្នូ ជាថ្ងៃទី២ នៃពិធីបុណ្យរំលឹកអង្គរនេះ អាជ្ញាធរជាតិអប្សារានឹងមានកម្មវិធីពិព័រណ៌សមិទ្ធផលការងារដែលអាជ្ញាធរជាតិអប្សារាសម្រេចបានតាំងពីឆ្នាំ១៩៩២ មក ក្នុងកិច្ចការអភិរក្ស ជួសជុល ប្រាសាទនៃតំបន់អង្គរ ដែលបើកឲ្យសាធារណជនទូទៅ អ្នកស្រាវជ្រាវ សិស្សានុសិស្ស ចូលទស្សនានៅតាមបណ្តាការដ្ឋានប្រាសាទនីមួយៗដែលអាជ្ញាធររៀបចំ។

ចំណែកនៅពេលល្ងាចនៃថ្ងៃទី២ដដែលនោះ ក្នុងបរិវេណព្រលានជល់ដំរី នឹងមានការរៀបចំកម្មវិធីអាយ៉ៃរបស់ លោកព្រហ្ម ម៉ាញ ការសម្តែងល្ខោនស្បែកធំ ជាដើម ដែលបើកឲ្យសាធារណជនទូទៅចូលទស្សនាដោយមិនគិតថ្លៃឡើយ។

សម្រាប់ថ្ងៃទី១៦ ខែធ្នូ ជាថ្ងៃពិធីរំលឹកគុណអង្គរចុងក្រោយ អាជ្ញាធរជាតិអប្សរានឹងមានកម្មវិធីជប់លៀងមួយនៅព្រលានជល់ដំរី ដើម្បីគៀងគរថវិកាមនុស្សធម៌សម្រាប់ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់បេសកកម្មសង្គ្រោះកុមារកម្ពុជាជាបន្ត។

សូមរំឭកថា កាលពីធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្នុងឱកាសខួបទី២៩ នៃការដាក់បញ្ជូលតំបន់អង្គរទៅក្នុងបញ្ជីរបេតិភភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អាជ្ញាធរជាតិអប្សារាក៏បានប្រារព្ធពិធីរំលឹកគុណអង្គរនេះដែរ។ ពិធីនេះបានរៀបចំឡើងក្រោមបុព្វបំណង រំលឹកគុណបុព្វបុរសដែលបានបន្សល់នូវកេរដំណែលជាច្រើន បណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះការពារថែរក្សាកេរមត៌កទាំងនោះឱ្យបានគង់វង្សយូរអង្វែង និងជួយគ្នាលើកតម្កើងឱ្យបានរុងរឿងតទៅមុខ។

សម្រាប់ឆ្នាំ២០២២ នេះគឺជាលើកទី២ នៃការប្រារព្ធពិធីបុណ្យនេះ ខណៈរដ្ឋាភិបាលសម្រេចឲ្យមានពិធីនេះជារៀងរាល់ឆ្នាំរៀងទៅ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner