កម្ពុជា និងអង្គការសហប្រជាជាតិ កៀរគរមតិគាំទ្រសម្រាប់លើកកម្ពស់ការប្រើកម្មវិធី Eco Safe Driving App នៅកម្ពុជា

ភ្នំពេញ៖ ផ្នែកមួយនៃការបំពេញទស្សនៈកិច្ចនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Jean Todt បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តកម្មវិធី “ការបណ្តុះបណ្តាលអំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២” ដែលបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី, កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងក្រុមហ៊ុនសាជីវកម្មវីអេហ្វ (VF Corporation) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោក Jean Todt បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិភពលោកត្រូវការអង្គការសង្គមស៊ីវិល ដូចជាអង្គការមូលនិធិបង្ការរបួសអាស៊ីជាដើម ដើម្បីជំរុញទៅរកការរីកចម្រើន តាមរយៈការលើកកម្ពស់នវានុវត្ត។ កម្មវិធី Eco Safe Driving App នៅលើទូរស័ព្ទដៃទំនើប គឺជាឧបករណ៍បង្ការមួយដែលជាគំនិតផ្តួចផ្តើមឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ក្រោមកិច្ចសហការគាំទ្រពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងក្រុមហ៊ុនសាជីវកម្មវីអេស (VF Corporation)។

លោកស្រី មើរ៉ាម ស៊ីឌីក នាយិការប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានចែករំលែកឱ្យដឹងថា គោលបំណងចំបងនៃកម្មវិធី Eco Safe Driving App ដើម្បីធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូនរួមប្រកបដោយសុវត្ថិភាពប្រសើរឡើង និងឱ្យមានការវាស់វែងនៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើឥរិយាបថនៃការបើកបរ ដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធី App នេះ។

សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផល និងខ្លឹមសារគន្លឹះសំខាន់ នៃការអនុវត្តកម្មវិធី “ការបណ្តុះបណ្តាលអំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២” និង ដើម្បីស្វែងរកធាតុចូល ឬវិធីសាស្រ្តសម្រាប់ការប្រើប្រាស់មេរៀនប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់កម្មវិធី Eco Safe Driving App នៅលើទូរស័ព្ទដៃទំនើបជាមួយអ្នកពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។ កម្មវិធី App នៅលើទូរស័ព្ទដៃទំនើបនេះ ក៏ផ្តោតសំខាន់ទៅលើការប្រើប្រាស់ប្រេងឥន្ធនៈរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយការបំពុលបរិស្ថានសម្រាប់អ្នកដែលបានតម្លើងកម្មវិធីនេះផងដែរ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner