រុស្ស៊ីទទួលបានងារថ្មីពីសភាអឺរ៉ុប

អឺរ៉ុប៖ សភាអឺរ៉ុបកាលពីថ្ងៃពុធទី ២៣ ខែវិច្ឆិកា បានប្រកាសចាត់ទុករុស្ស៊ីថាជា «រដ្ឋឧបត្ថម្ភភេរវកម្ម» ដោយចោទប្រកាន់កងកម្លាំងរបស់ប្រទេសនេះ ថាបានប្រព្រឹត្តអំពើឃោរឃៅនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយរបស់ខ្លួន។

សមាជិកសភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចនេះ ដោយឆ្លងកាត់តាមការបោះឆ្នោត ដែលមានសមាជិកសភា ៤៩៤ រូបគាំទ្រ ៥៨ ប្រឆាំង និង ៤៤ ទៀត អនុប្បវាទ។ សេចក្ដីសម្រេចបានប្រកាសឡើងយ៉ាងដូច្នេះថា ៖ «ការវាយប្រហារដោយចេតនានិងអំពើឃោរឃៅដែលធ្វើឡើងដោយសហព័ន្ធរុស្ស៊ី ប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរំលោភធ្ងន់ធ្ងរដទៃទៀតនៃសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ គឺជាអំពើភេរវកម្ម»។

សភាអឺរ៉ុបបាននិយាយថា ខ្លួនទទួលស្គាល់រុស្ស៊ីថាជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម និងជារដ្ឋដែលប្រើមធ្យោបាយនៃអំពើភេរវកម្ម។ ថ្វីត្បិតតែការសម្រេចនេះ មិនផ្ដល់ផលវិបាកផ្នែកច្បាប់ក៏ពិតមែន ប៉ុន្តែវាគឺជានិមិត្តរូបនយោបាយដ៏សំខាន់សម្រាប់សហភាពអឺរ៉ុបក្នុងដាក់បន្ទុកទៅលើក្រុងម៉ូស្គូ និងជំរុញឱ្យរដ្ឋាភិបាលទាំង ២៧ របស់ប្លុកធ្វើការតាមចំណាត់ការ។

សេចក្ដីសម្រេចរបស់សភាអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីក្រុងកៀវបានអំពាវនាវអស់រយៈពេលជាច្រើនខែ ឱ្យសហគមន៍អន្តរជាតិដាក់បញ្ចូលរុស្ស៊ីថាជារដ្ឋភេរវករ ចំពោះការឈ្លានពាន និងការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។

ទោះបីជាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានសារទរចំពោះចំណាត់ការនៅថ្ងៃពុធនេះ ដោយលោកសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រថា៖ «រុស្ស៊ីត្រូវតែឯកោនៅគ្រប់កម្រិត និងទទួលខុសត្រូវដើម្បីបញ្ចប់គោលនយោបាយភេរវកម្មដ៏យូរអង្វែងរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន និងនៅទូទាំងពិភពលោក»។

គួរកត់សម្គាល់ថា ខុសពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបមិនមានក្របខ័ណ្ឌច្បាប់ ដើម្បីដាក់បញ្ចូលប្រទេសណាមួយថាជា «រដ្ឋឧបត្ថម្ភអំពើភេរវកម្ម» នោះទេ។ យ៉ាងណាមិញ សេចក្ដីសម្រេចចុងក្រោយរបស់សភាប្លុក បានអំពាវនាវឱ្យទីក្រុងប្រ៊ុចសែលមាន «ក្របខ័ណ្ឌច្បាប់» ដើម្បីចាត់វិធានការបែបនេះ ហើយដាក់រុស្ស៊ីបញ្ចូលទៅក្នុងបញ្ជី។

សមាជិកសភាអឺរ៉ុបរបស់លីទុយអានី លោក Andrius Kubilius ដែលគាំទ្រយ៉ាងមុតមាំលើសេចក្ដីសម្រេចចិត្តនេះ បានលើកឡើងថា៖ «រុស្ស៊ីមិនត្រឹមតែជារដ្ឋឧបត្ថម្ភភេរវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជារដ្ឋដែលប្រើប្រាស់មធ្យោបាយនៃអំពើភេរវកម្មផងដែរ។ ការទទួលស្គាល់ការពិតនេះដោយសភាអ៊ឺរ៉ុប បញ្ជូនសញ្ញានយោបាយច្បាស់លាស់។ អឺរ៉ុប និងប្រជាជនអឺរ៉ុបមិនចង់រក្សាភាពអសកម្មទេ នៅពេលដែលប្រទេសជិតខាងធំរបស់ពួកគេ បំពានគ្រប់ស្តង់ដារមនុស្សធម៌ និងអន្តរជាតិ»។

ការលើកឡើងរបស់លោក Kubilius បានសបញ្ជាក់ឱ្យឃើញជំហរតឹងរ៉ឹងរបស់សមាជិកសហភាពអឺរ៉ុបនៅភាគខាងកើត រួមទាំងលីទុយអានី ឡេតូនី អេស្តូនី និងប៉ូឡូញ ដែលសុទ្ធតែបានចាត់ទុករុស្ស៊ីថាជា «រដ្ឋឧបត្ថម្ភភេរវកម្ម» រាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យចូលលុកលុយអ៊ុយក្រែននៅចុងខែកុម្ភៈរហូតមក។

សេចក្តីសម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃពុធ ក៏បានជំរុញផងដែរឱ្យប្លុកបញ្ចូលក្រុមទាហានស៊ីឈ្នួល Wagner និងកងទ័ពដែលស្មោះត្រង់នឹងមេដឹកនាំរដ្ឋសហព័ន្ធរុស្ស៊ី Chechen លោក រ៉ាហ្សាន កាដៀរូវ ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ប្លុកសម្រាប់អង្គការភេរវករ។

បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលបានអំពាវនាវឱ្យមានការផ្ដាច់រុស្ស៊ីឱ្យនៅឯកោលើឆាកអន្តរជាតិបន្ថែមទៀត រួមទាំងផ្ដាច់ចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិដទៃៗ។ ជាមួយគ្នានោះ ក៏មានការស្នើឱ្យអឺរ៉ុបដាក់កញ្ចប់ទណ្ឌកម្មថ្មី (ទី៩) ប្រឆាំងនឹងទីក្រុងមូស្គូ និងការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការគេចវ៉េសទណ្ឌកម្មបច្ចុប្បន្ន។

ប្រតិកម្មទៅនឹងងារថ្មីរបស់ខ្លួន បេសសកម្មរុស្ស៊ីប្រចាំសហភាពអឺរ៉ុប បានរិះគន់ថា ការដាក់រុស្ស៊ីថាជារដ្ឋឧបត្ថម្ភភេរវកម្មមិនសមហេតុផល។ បេសសកម្មបានសរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាមថា៖ «ភាពមិនសមហេតុផលនៃគំនិតនេះ គឺបង្ហាញឱ្យឃើញចំពោះសមាជិកសភាអឺរ៉ុបទាំងអស់ ដែលគាំទ្រវា (សេចក្ដីសម្រេចរបស់សភាអឺរ៉ុប)»។ បេសកកម្មបន្ថែមទៀតថា «ភារកិច្ចដែលកំណត់ដោយសភាអឺរ៉ុបគឺសាមញ្ញ គឺធ្វើឱ្យមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។

ជាមួយនោះផងដែរគ្នា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងផ្ចាញ់ផ្ចាលថា សភាអឺរ៉ុបគួរតែត្រូវបានទទួលស្គាល់ថាជា «អ្នកឧបត្ថម្ភនៃភាពល្ងង់ខ្លៅ»។

គួរជ្រាបថា ការប្រកាសដាក់រុស្ស៊ីថាជារដ្ឋឧបត្ថម្ភភេរវកម្មធ្វើឡើង ខណៈដែលកងទ័ពឈ្លានពានរបស់ប្រទេសនេះ បានបង្កើនការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែននៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលកងកម្លាំងរបស់ខ្លួនចាញ់ប្រៀបកងទ័ពអ៊ុយក្រែននៅសមរភូមិ។

ក្នុងថ្ងៃដែលខ្លួនទទួលបានងារថ្មីនេះ រុស្ស៊ីបានបាញ់មីស៊ីលគ្រូសចំនួន ៧០ គ្រាប់ និងដាក់ពង្រាយដ្រូនវាយប្រហារទៅអ៊ុយក្រែន ដែលធ្វើឱ្យដាច់ប្រព័ន្ធទឹកស្អាតតាមតំបន់ និងបណ្ដាញអគ្គីសនីនៅទូទាំងប្រទេស និងរាលដាលរហូតដល់ម៉ុលដាវី។ ការវាយប្រហារនៅថ្ងៃពុធនេះ ក៏បានសម្លាប់ជនស៊ីវិល ១០ នាក់ផងដែរ។

ថ្លែងទៅកាន់កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅល្ងាចថ្ងៃពុធ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងដាក់ចេញនូវសេចក្ដីសម្រេចថ្កោលទោស «គ្រប់ទម្រង់នៃភេរវកម្មថាមពល»។ លោកបានថ្លែង ដោយសំដៅទៅលើលទ្ធភាពវេតូរបស់រុស្ស៊ីថា «វាជារឿងមិនសមហេតុផលដែលសិទ្ធិវេតូ ត្រូវបានធានាសម្រាប់ភាគីដែលបង្កសង្រ្គាមនេះ» ហើយបានបន្តដោយសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «យើងមិនអាចធ្វើជាចំណាប់ខ្មាំង ឱ្យភេរវករអន្តរជាតិម្នាក់(រុស្ស៊ី)បានទេ»។

ដូចបានបញ្ជាក់រួចមកហើយថា លោក ហ្សេលេនស្គី និងមន្រ្តីអ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយសព្វាវុធដ៏ធំបំផុតរបស់ខ្លួន ឱ្យដាក់ប្រទេសរុស្ស៊ីថាជារដ្ឋឧបត្ថម្ភភេរវកម្ម នៅក្នុងបរិបទនៃឧក្រិដ្ឋកម្មសង្គ្រាមរាប់មិនអស់ រួមទាំងការសម្លាប់ជនស៊ីវិលនិងការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងទីក្រុងនានារបស់អ៊ុយក្រែន។

មូលហេតុអ្វីបានជាការដាក់បញ្ចូលរុស្ស៊ីជារដ្ឋឧបត្ថម្ភភេរវកម្មសំខាន់សម្រាប់អ៊ុយក្រែន?

ការដាក់បញ្ចូលប្រទេសណាមួយទៅក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម និងផលវិបាកនៃការចាត់ថ្នាក់នេះ អាស្រ័យទៅលើក្របខណ្ឌច្បាប់ប្រទេសនីមួយៗ។ នៅសហរដ្ឋអាមេរិក មានរដ្ឋជាក់លាក់មួយចំនួន ត្រូវបានបញ្ជូលទៅក្នុងបញ្ជីរបស់ក្រសួងការបរទេស ដែលរួមមានគុយបា អ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី។

តាមច្បាប់របស់អាមេរិក រាល់ប្រទេសណាដែលមានឈ្មោះក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់ក្រុងវ៉ាស៊ីនតោន នោះមានន័យថា អាមេរិកនឹងរឹតបន្តឹងលើជំនួយបរទេស ហាមឃាត់លើការនាំចេញផ្នែកការពារជាតិ គ្រប់គ្រងលើការនាំចេញបច្ចេកវិទ្យាដែលប្រើសំខាន់ក្នុងវិស័យយោធា និងរឹតត្បឹតលើលំហូរហិរញ្ញវត្ថុ ទៅកាន់ប្រទេសរបស់ពួកគេ រួមជាមួយនឹងទណ្ឌកម្មផ្សេងៗទៀត។ វិធានការរបស់អាមេរិក ក៏នឹងហាមឃាត់ ឬរឹតត្បឹតផងដែរ លើបុគ្គល ឬអង្គភាពណា ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ។

ហើយប្រសិនអាមេរិកទទួលយកការទទូចសុំរបស់អ៊ុយក្រែននោះ ទាំងនេះហើយដែលជាផលវិបាកដែលក្រុងម៉ូស្គូនឹងប្រឈមមុខ។ មិនត្រឹមតែប៉ុណ្ណេះទេ ងារជា «រដ្ឋឧបត្ថម្ភភេរវកម្ម» ក៏ប៉ះពាល់ដល់អភ័យឯកសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី នៅក្នុងតុលាការអាមេរិកផងដែរ។

កន្លងមក សមាជិកសភាអាមេរិកមួយចំនួនបានជំរុញឱ្យរដ្ឋបាល លោក ចូ បៃដិន ធ្វើដូច្នេះចំពោះរុស្ស៊ី រួមទាំងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែកញ្ញា លោក Graham បានលើកឡើងថា ការដកអភ័យឯកសិទ្ធិរបស់រុស្ស៊ីនឹងអនុញ្ញាតឱ្យមានការទាមទារសំណងពីក្រុមគ្រួសារជនរងគ្រោះ នៃអំពើភេរវកម្មដែលរដ្ឋរុស្ស៊ីឧបត្ថម្ភ។

យ៉ាងណាមិញ មន្ត្រីអាមេរិកផ្សេងទៀតបានប្រកែកថា ការចាត់តាំងនេះមិនមែនជាមធ្យោបាយដ៏ល្អបំផុតដើម្បីឲ្យវិមានក្រឹមឡាំងទទួលខុសត្រូវនោះទេ។ កាលពីខែមុន អ្នកនាំពាក្យរបស់លោក បៃដិន ប្រធានាធិបតី លោកស្រី Karine Jean-Pierre បានថ្លែងថា ការដាក់បញ្ចូលលរុស្ស៊ីទៅក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម អាចធ្វើឱ្យខូចគំនិតផ្តួចផ្តើមលើជំនួយមនុស្សធម៌ ក៏ដូចជាសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការជួយទីក្រុងកៀវនៅលើតុចរចាដើម្បីសន្តិភាព។

អ្វីដែលសំខាន់ដែរនោះគឺថា នៅសហរដ្ឋអាមេរិក ការកំណត់នេះ ក៏អាចនាំឱ្យមានភាពស្មុគស្មាញជាមួយប្រទេសទី៣ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ីផងដែរ៕ ដោយ៖ ហួន ឌីណា

ads banner