ប្រជាពលរដ្ឋចំនួន ១,៦២៤គ្រួសារ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ទទួលបាន ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ពីសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
ខេត្តកែប ៖ ពិធីចែកធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពលនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ ប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត នៅរសៀលថ្ងៃ២៤ ខែវិច្ឆិកាឆ្នាំ២០២២ ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានធ្វើរបាយការណ៍បញ្ជាក់ថា រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានទទួលធុងចម្រោះទឹកស្អាត ចំនួន ៧៥៧ធុង និងចង្រ្កានសន្សំសំចៃថាមពលចំនួន ៨៦៧ សម្រាប់ធ្វើការបែកចែកជូនដល់ប្រជាពលរដ្ឋគោលដៅនៅក្នុងស្រុក ដែលមានជីវភាពខ្វះខាត ពុំមានទឹកស្អាតប្រើប្រាស់ និងគ្រួសារដែលនៅប្រើប្រាស់អុស និងធ្យូងតាមរយៈចង្រ្កានប្រពៃណី ។
តំណាងក្រុមហ៊ុន ស៊ីបកូ (SIPCO) លោក ចៅ ភារុណ បញ្ជាក់ថា SIPCO ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រឹក្សា អភិវឌ្ឍគម្រោងទៅលើការអភិវឌ្ឍភាពស្អាត ការកាត់បន្ថយការប្រែប្រួល អាកាសធាតុ កាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ថ្លែងថា ថ្ងៃនេះក៏ជាការគិតគូរមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានកៀរគរ ពីដៃគូអភិវឌ្ឍ សំដៅជួយសម្រួល បន្ថែមទៀតដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាល ដែលនៅពុំទាន់មានទឹកស្អាតប្រើប្រាស់ ក៏ដូចជាបងប្អូនដែលនៅបន្តប្រើប្រាស់នូវថាមពលអុស ឬធ្យូង ដែលសម្ភារ ត្រូវប្រគល់ជូននេះនឹងជួយសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ រហូតដល់ ៧០% ៕ Sila Sarin