មន្រ្តីអន្តរជាតិ៖ មនុស្សជាង ១៥,០០០នាក់បានបាត់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន
កៀវ៖ មន្ត្រីម្នាក់នៅគណៈកម្មការអន្តរជាតិ ស្តីពីអ្នកបាត់ខ្លួន ដែលហៅកាត់ថា (ICMP) បាននិយាយក្នុងថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកានេះថា មនុស្សប្រមាណជាង ១៥,០០០នាក់បានបាត់ខ្លួន ក្នុងអំឡុងពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។
អង្គការមានមូលដ្ឋាននៅទីក្រុងឡាអេ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្រ្គាមបាល់កង់នៃទសវត្សរ៍ឆ្នាំ ១៩៩០នេះ បានបើកការិយាល័យនៅទីក្រុងកៀវ ក្នុងខែកក្កដាកន្លងទៅ ដើម្បីជួយអ៊ុយក្រែនក្នុងការចងក្រងឯកសារ និងតាមដានមនុស្សបាត់ខ្លួន។
នាយកកម្មវិធីរបស់ ICMP ប្រចាំទ្វីបអឺរ៉ុប លោក Matthew Holliday បានប្រាប់កាសែតរ៉យទ័រក្នុងបទសម្ភាសន៍មួយថា ដំណើរការស៊ើបអង្កេតអ្នកបាត់ខ្លួននៅអ៊ុយក្រែន នឹងមានរយៈពេលច្រើនឆ្នាំ បើទោះបីជាការប្រយុទ្ធគ្នាត្រូវបានបញ្ឈប់នៅពេលណាមួយក៏ដោយ។ តួលេខ ១៥,០០០នាក់ គឺជាចំនួនប៉ាន់ស្មាន ព្រោះនៅក្នុងទីក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូល តែមួយប៉ុណ្ណោះ អាជ្ញាធរបានរាយការណ៍ថា មានមនុស្សរហូតដល់ ២៥,០០០នាក់បានស្លាប់ ឬបាត់ខ្លួន។
លោក Holliday បន្ថែមថា ចំនួនមនុស្សស្លាប់ ឬបាត់ខ្លួនមានទំហំធំធេងណាស់ ហើយបញ្ហាប្រឈមដែលអ៊ុយក្រែនប្រឈមមុខគឺធ្ងន់ធ្ងរខ្លាំងណាស់ ខណៈដែលពួកគេកំពុងប្រយុទ្ធនឹងសង្រ្គាមដែលកំពុងបន្ត ក៏ដូចជាប្រឆាំងនឹងសហព័ន្ធរុស្ស៊ី។
ការលើកឡើងរបស់លោក Holliday ខាងលើនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ចំពោះការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្រោយបាញ់ស្រោចមីស៊ីលជាច្រើន ដែលធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែនធ្លាក់ ចូលទៅក្នុងភាពងងឹតនារដូវរងាដ៏សែនត្រជាក់៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា