រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួច រាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ទីក្រុងធំៗចូលរួម ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា៖ កិច្ចប្រជុំនេះ យើងរៀបចំក្នុងកំរិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទំរង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។
ឯកឧត្តមបញ្ជាក់ថា៖ ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។ វេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។
ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ វេទិកានេះគឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវ ត្តន៏ល្អៗ ក៏ដូចជាទស្សនះរបស់ពួកគាត់សំរាប់ការកសាងសហគមន៏អាស៊ាន៕ដោយថេត វិចិត្រ+ហេងសម្បតិ្ត