ចិនបញ្ចេញថវិកា ៧០ពាន់លានដុល្លារសម្រាប់ធនាគារដើម្បី សង្គ្រោះសេដ្ឋកិច្ចដែលធ្លាក់ចុះ
ចិន៖នៅថ្ងៃសុក្រ ទី២៥ វិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិនបានថា ខ្លួននឹងកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារត្រូវរក្សាទុកជាទុនបម្រុងជាលើកទីពីរក្នុងឆ្នាំនេះ ដោយបញ្ចេញថវិកាចំនួនប្រមាណ ៥០០ ពាន់លានយន់ (៦៩,៨ ពាន់លានដុល្លារ) ក្នុងលំហូរសាច់ប្រាក់រយៈពេលវែង ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
ធនាគារកណ្តាលចិន (PBOC) បាននិយាយថានឹងកាត់បន្ថយសមាមាត្រតម្រូវការទុនបម្រុងសម្រាប់ធនាគារ ចំនួន ២៥ ពិន្ទុមូលដ្ឋាន (bps) ដែលចាប់ផ្តើមពីថ្ងៃទី ៥ ខែធ្នូខាងមុខ។ វិធានការនេះ នឹងកាត់បន្ថយសមាមាត្រមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុមកត្រឹម ៧,៨ភាគរយ។
ធនាគារកណ្តាលចិន បាននិងកំពុងឈរលើគោលនយោបាយតឹងរ៉ឹង ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ប៉ុន្តែទន្ទឹមនេះ ចង់ជៀសវាងការកាត់បន្ថយអត្រាការប្រាក់ហួសហេតុដែលអាចរុញច្រានឱ្យមានសម្ពាធអតិផរណា និងហានិភ័យនៃលំហូរលុយចេញ ពីប្រទេសចិន ខណៈដែលធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលប្រទេសផ្សេងទៀត កំពុងដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។
ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានទទួលរងគ្រោះពីការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងនៅក្នុងខែតុលា ហើយការកើនឡើងនៃករណីឆ្លងកូវីដនាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកំណើនកូវីដនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២។ សេដ្ឋកិច្ច បានស្ថិតនៅក្រោមសម្ពាធរួចទៅហើយ ពីការធ្លាក់ចុះនៃអចលនទ្រព្យ និងការធ្លាក់ចុះនៃតម្រូវការសកលសម្រាប់ទំនិញរបស់ចិន។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ធនាគារកណ្តាលចិន បានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនមិនផ្លាស់ប្តូរក្នុងរយៈពេលបីខែជាប់គ្នា ដោយសារប្រាក់យន់ធ្លាក់ចុះ និងលំហូរចេញសាច់ប្រាក់ជាប់លាប់ បានកំណត់សមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការបន្ធូរបន្ថយលក្ខខណ្ឌរូបិយវត្ថុដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
ក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវវិធានការគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ដោយផ្តោតលើការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រមានកម្រិតសម្រាប់អ្នកប្រើប្រាស់ ស្របពេលដែលបន្ធូរបន្ថយការទប់ស្កាត់ហិរញ្ញវត្ថុ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ។
កាលពីថ្ងៃពុធ ធនាគារកណ្តាលចិនបានចេញសេចក្តីជូនដំណឹងមួយដែលបង្ហាញពីជំហានចំនួន ១៦ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ រួមទាំងការពន្យាការសងប្រាក់កម្ចី ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ដែលបានញាំញីវិស័យនេះចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០។
ទីក្រុងជាច្រើនរបស់ចិន បានដាក់ចេញវិធានការបិទខ្ទប់ និងការទប់ស្កាត់ផ្សេងៗទៀត ដើម្បីទប់ទល់នឹងការកើនឡើងជាថ្មីនៃករណីឆ្លងកូវីដ ដែលធ្វើឲ្យចក្ខុវិស័យសេដ្ឋកិច្ចជួបមានភាពងងឹត និងកាត់បន្ថយក្តីសង្ឃឹមដែលថាប្រទេសចិន នឹងអាចបន្ធូរបន្ថយនូវជំហរដ៏តឹងរ៉ឹងរបស់ខ្លួនចំពោះវិធានការរឹតត្បិតកូវីដ ក្នុងពេលឆាប់ៗនេះ។
គួរជ្រាបថា សេដ្ឋកិច្ច មានកំណើនត្រឹមតែ ៣ភាគរយ ប៉ុណ្ណោះក្នុង ៣ត្រីមាសដំបូងនៃឆ្នាំ ២០២២នេះ ពោលគឺស្ថិតក្រោមគោលដៅប្រចាំឆ្នាំដែលមានចំនួនប្រមាណ ៥,៥ភាគរយ។ កំណើនពេញមួយឆ្នាំ ត្រូវបានអ្នកវិភាគរំពឹងថា នឹងមានត្រឹមតែជាង ៣ភាគរយប៉ុណ្ណោះ៕
ដោយ៖ លី លីយ៉ា