ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី0២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ការបញ្ជាក់នេះ ក្នុងមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ នៅព្រឹកព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មហាសន្និបាតនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកា ប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងបានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងសេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបថា មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
(១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
(២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
(៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
(៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។
បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។
សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕
ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុក ស.ស.យ.ក.