សភាបារាំងអនុម័តច្បាប់ស្ដីពីសិទ្ធិរំលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញ

បារាំង៖សមាជិក​សភា​នៅ​សភា​ជាន់​ទាប​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​ ២៤ ខែ​វិច្ឆិកា​ ​បាន​បោះឆ្នោត​​​​ដាក់​​បន្ថែម​សិទ្ធិ​​រំលូត​កូន​ទៅ​ក្នុង​​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​​ ដោយ​មាន​សមាជិក​សភា​ ៣៣៧ រូប ​​​គាំទ្រ​ ៣២ រូប​ប្រឆាំង​ និង​១៨ ទៀត​អនុបវាទ​។

​ក្រោម​​សំឡេង​គាំទ្រ​ដ៏​ច្រើន​លើស​លុប​បែប​នេះ​ ច្បាប់​ស្ដី​ពី​សិទ្ធិ​រំលូត​កូន​ ​​​​ត្រូវ​ការ​អនុម័តម្ដង​ទៀត​​ពី​​​​ព្រឹទ្ធ​​​សភា​​ ​ដែលមាន​​សមាជិក​ភាគ​ច្រើន​ជា​​ពួក​​អភិរក្ស​និយម​។ ​

​ក្រោម​ជំហាន​ដែល​អាច​ឱ្យ​បារាំង​ក្លាយ​ជា​​ប្រទេស​ដំបូង​គេ​​លើ​ពិភព​លោក​ ដែល​កំណត់​ការ​រំលូត​កូន​ជា​សិទ្ធិ​ស្រប​តាម​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​នេះ​ សមាជិក​សភា​មក​ពី​គណបក្ស​ឆ្វេង​និយម​ La France Insoumise ​(LFI) ​និង​​ក្រុម​ចម្រុះ​​ពាក់​​កណ្តាល​និយម​ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ពាក្យពេចន៍​​នៃ​ច្បាប់​ថ្មី​។ ​

សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ មាត្រា​ ៦៦ ​ដែល​ត្រូវ​​បន្ថែម​​សិទ្ធិ​រំលូត​កូន​ បាន​ចែង​យ៉ាង​ដូច្នេះ​ថា​​៖ «​​ច្បាប់​ធានា​នូវ​ប្រសិទ្ធ​ភាព​ និង​ការ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ ក្នុង​ការ​បញ្ចប់​ការ​មាន​ផ្ទៃពោះ​ដោយ​ស្ម័គ្រ​ចិត្ត​»។ ​

​មេ​ដឹក​នាំ​សភា​នៃ​គណបក្ស​ LFI លោក​ស្រី​​ ​ Mathilde Panot ​​ដែល​បាន​ស្នើ​​លើ​សេចក្ដី​សម្រេច​ចិត្ត​នេះ​ ​បាន​​លើក​ឡើង​ថា​​ វា​គឺ​ជា​ការ​ការពារ​ការ​រំលូត​កូន​ដោយ​ស្រប​ច្បាប់​ប្រឆាំង​នឹង​​គំនិត​ចាស់​គំរិល​​​ណា​​មួយ​​​។​​ ​លោក​ស្រី​បាន​បន្ថែម​​​ថា​​​​ កុំ​យក​​​វិបត្តិ​​​នយោបាយ ​​សេដ្ឋកិច្ច​​ ឬ​​​សាសនា​ ទៅ​​រឹត​ត្បឹត​សិទ្ធិ​ស្រ្តី​។ ​ ​

​​ការ​អនុម័ត​របស់​សភា​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង​ ទាំង​ឆ្វេង​ និង​​កណ្ដាល​​និយម​ បាន​ចាប់​ផ្តើម​ជំរុញ​ឱ្យ​មាន​សិទ្ធិ​រំលូត​កូន​ ដែល​មាន​ចែង​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ។ ការ​ជំរុញ​ខ្លាំង​ក្លា​បែប​នេះ​ កើត​មាន​ឡើង​​​បន្ទាប់​​​ពី​​​​​តុលាការ​កំពូល​របស់​​អាមេរិក​កាល​ពី​ខែ​មិថុនា​​បាន​សម្រេចចិត្ត​លុប​ចោល​​ច្បាប់​ស្ដី​ពី​សិទ្ធិ​រំលូត​កូន​ដោយ​ស្រប​ច្បាប់​​​ ​ខណៈ​ដែល​​​​រដ្ឋាភិបាល​អភិរក្ស​និយម​របស់​​ប៉ូឡូញ​​​​រឹត​ត្បឹត​ស្រ្តី​​ជុំ​វិញ​រំលូត​កូន​ដូច​គ្នា​។ ​

ប្រតិកម្ម​ទៅ​នឹង​ការ​អនុម័ត​នេះ​ មេ​ដឹក​នាំ​​ក្រុម​ស្តាំ​និយម​ លោក​ស្រី ម៉ារីន ឡឺប៉ែន ​បាន​ហៅ​ជំហាន​នេះ​​​ថា​ «​ខុស​ទាំង​ស្រុង​»​ ដោយ​លើក​ហេតុ​ផល​ថា​ សិទ្ធិ​រំលូត​កូន​មិន​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​​​នៅ​បារាំង​នោះ​ទេ​។ ​

​ការ​រំលូត​កូន​ ត្រូវ​បាន​ដាក់​​ឱ្យ​ស្រប​ច្បាប់​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​ ១៩៧៤​ ​ក្នុង​ច្បាប់​មួយ​ដែល​គ្រប់​គ្រង​ដោយអតីត​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក​ស្រី​ Simone Veil ។ ​ការ​ប៉ុន​ប៉ង​ពី​មុន​ ដើម្បី​ដាក់​​សិទ្ធិ​រំលូត​កូន​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បារាំង​ ​​ត្រូវ​បាន​ព្រឹទ្ធ​សភា​​​ច្រាន​ចោល​រួច​ម្ដង​ហើយ​ កាល​ពី​ខែ​តុលា​។​

​​ជំហាន​​​លើក​​​ទី​​២​​ នេះ​​ក៏​នឹង​ត្រូវ​ការ​ការ​យល់​ព្រម​ពី​សភា​ជាន់​ខ្ពស់​ផង​ដែរ​ ​ហើយ​ក្រោយ​មក​ វា​ក៏​​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​​ប្រជាមតិ​ជាតិ​។​

គួរ​​កត់​សម្គាល់​ថា​ លទ្ធផល​នៃ​​ការ​ស្ទង់​មតិ​ពី​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ Ifop ​ដែល​ធ្វើ​ឡើង​​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ បាន​​បង្ហាញ​​ថា​ ៨១​ ភាគរយ​​​នៃ​ប្រជាជន​បារាំង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​ ​ចង់​ឱ្យ​សិទ្ធិ​រំលូត​កូន​​​ទទួល​ការ​ការ​ពារ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​៕

ដោយ៖ ហួន ឌីណា

ads banner