ក្រុមហ៊ុន Meta អះអាងថា យោធាអាមេរិកជាប់ទាក់ទងនឹងយុទ្ធនាការឃោសនាតាមអ៊ិនធឺណិត
អាមេរិក៖របាយការណ៍ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានអះអាងថាបុគ្គលដែលមានទំនាក់ទំនងជាមួយយោធាអាមេរិក បានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាតាមអ៊ីនធឺណិតមួយ។
របាយការណ៍នេះ ចេញផ្សាយឡើងបន្ទាប់ពីក្រុមហ៊ុនវិភាគបណ្ដាញសង្គម Graphika and Stanford Internet Observatory (SIO) កាលពីខែសីហា បានអះអាងថា មានយុទ្ធនាការមួយដែលជាប្រតិបត្តិការឃោសនាសម្ងាត់ គាំទ្រសហរដ្ឋអាមេរិកដំបូងគេ ប៉ុន្តែត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាត់វិធានការដកចេញ។ យុទ្ធនាការនោះ គាំទ្រអាមេរិក និងសម្ព័ន្ធមិត្ត ហើយប្រឆាំងប្រទេសដូចជារុស្ស៊ី ចិន និងអ៊ីរ៉ង់។ ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញបានគូសបញ្ជាក់ថា វាមិនមានប្រសិទ្ធភាពនោះទេ។
របាយការណ៍ចុងក្រោយរបស់ Meta បង្ហាញថា មានគណនីចំនួន ៣៩ ផេក ចំនួន ១៦ និងគ្រុបចំនួន ២ នៅលើហ្វេសប៊ុក និងគណនីចំនួន ២៦ នៅលើអ៊ីនស្តាក្រាម ត្រូវបានដកចេញ ចំពោះការបំពានគោលការណ៍របស់វេទិកាទាំង២។
Meta បានសរសេរថា៖ «បណ្តាញនេះ មានប្រភពមកពីសហរដ្ឋអាមេរិក»។ ក្រុមហ៊ុនបន្ថែមថា វាដាក់គោលដៅលើប្រទេសរួមមាន អាហ្វហ្គានីស្ថាន អាល់ហ្សេរី អ៊ីរ៉ង់ អ៊ីរ៉ាក់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្សី សូម៉ាលី ស៊ីរី តាហ្ស៊ីកៀស្ថាន អ៊ូសបេគីស្ថាន និងយេម៉ែន។ ប្រតិបត្តិការរបស់វា ក៏ដូចគ្នាផងដែរទៅនឹងយុទ្ធសាស្ត្រដែលប្រើជាទូទៅក្នុងយុទ្ធនាការឃោសនាប្រឆាំងនឹងលោកខាងលិច ដូចជា គណនីក្លែងក្លាយ រូបភាពសិប្បនិម្មិត និងយុទ្ធនាការដែលធ្វើឡើងនៅលើវេទិកាច្រើន។
ជុំវិញបញ្ហានេះ ក្រុមស្រាវជ្រាវឯករាជ្យ SIO ធ្លាប់និយាយដោយលើកឡើងពីឧទាហរណ៍ជាក់ស្ដែងមួយថា គណនីដែលផ្តោតលើប្រទេសអ៊ីរ៉ង់ បានរិះគន់អាជ្ញាធរអ៊ីរ៉ង់ និងគោលនយោបាយរបស់ពួកគេ ហើយបានបង្ហោះមាតិកាផ្សេងៗអំពីបញ្ហាជាច្រើន រួមទាំងសិទ្ធិស្ត្រីជាដើម។ ក្នុងចំណោមនោះ មានគណនីខ្លះបានក្លែងធ្វើជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយខ្លះទៀតបានយកខ្លឹមសារពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ មកចុះផ្សាយធ្វើជារបស់ខ្លួន។
ក្រុមហ៊ុន Meta អះអាងថា ប្រតិបត្តិការនេះបានដំណើរការលើបណ្ដាញអ៊ិនធឺរណិតជាច្រើនផ្សេងទៀត រួមមានទាំងធ្វីតធឺរ យូធូប តេឡេក្រាម VKontakte និង Odnoklassniki។ ក្រុមហ៊ុននិយាយក្នុងរបាយការណ៍យ៉ាងដូច្នេះថា៖ «ទោះបីជាបុគ្គលដែលនៅពីក្រោយប្រតិបត្តិការនេះ ព្យាយាមលាក់បាំងអត្តសញ្ញាណ និងការសម្របសម្រួលរបស់ពួកគេក៏ដោយ ការស៊ើបអង្កេតរបស់យើងបានរកឃើញថា ពួគគេមានទំនាក់ទំនងជាមួយបុគ្គលដែលពាក់ព័ន្ធជាមួយយោធាសហរដ្ឋអាមេរិក»។
អ្នកជំនាញនិយាយថា ការបង្ហោះមាតិកាភាគច្រើនមានការចូលរួម (Engagement) តិចតួច ពីអ្នកប្រើប្រាស់ (user) ពិតប្រាកដ។ ត្រង់ចំណុចនេះ លោក Andy Carvin ដែលជាអ្នកគ្រប់គ្រងកម្មវិធី Digital Forensic Research Lab របស់សហរដ្ឋអាមេរិក បានធ្លាប់ថ្លែងប្រាប់បណ្ដាញព័ត៌មាន BBC ថា វាគ្មានប្រសិទ្ធភាព ឬជាយុទ្ធសាស្រ្តល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងការធ្វើយុទ្ធនាការបែបនេះទេ ព្រោះវាជាការប្រើកលល្បិច ដែលសត្រូវប្រើ ហើយក៏បំផ្លាញទំនុកចិត្តសាធារណៈបន្ថែមទៀតផង។
គួររំឭកផងដែរថា របាយការណ៍របស់ក្រុមហ៊ុន Meta ក៏គូសបញ្ជាក់ផងដែរ ខ្លួនបានចាត់វិធានការដូចគ្នាទៅនឹងយុទ្ធនាការឃោសនាប្រឆាំងនឹងលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដោយគណនី ផេក ឬគ្រុប ដែលបម្រើឱ្យប្រតិបត្តិការនោះ មានប្រភពធំមកពីចិន និងរុស្ស៊ី៕
ដោយ៖ហួន ឌីណា