ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ ទីបំផុតរកឃើញម្ចាស់ហើយ
ភ្នំពេញ៖ការប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវីដែលរៀបចំដោយនាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំប្រកាសនិងប្រគល់ពានរង្វាន់នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ ម្ចាស់ជ័យលាភីឆ្នាំនេះបានទៅលើអ្នកមកពីបណ្ដាខេត្តផ្សេងៗគ្នា។ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីបែងចែកជាពីរផ្នែក មួយផ្នែកកំណាព្យ និងមួយទៀតផ្នែកផ្នែករឿងខ្លី។
ជ័យលាភីផ្នែកកំណាព្យលេខ១បានទៅ លោក ភិរម្យ ដារ៉ា មកពីខេត្តស្ទឹងត្រែង ។លោកនិពន្ធ “រឿងគុណការងារ”។ ជ័យលាភីលេខ២ ផ្នែកំណាព្យដដែលបានទៅកវីនិពន្ធ មឿន សំណាង មកពីខេត្តឧត្តរមានជ័យ។ លោកនិពន្ធ “រឿងអ្នកគ្រូជាយដែន” ។លេខ៣ បានទៅលើលោក ជួន ខ្មៅ មកពីខេត្តព្រះសីហនុ លោកនិពន្ធ “រឿងមេស្រុក”។ លេខ៤ បានទៅលើ លោក ចំរើន សុភ័ក្រ មកពីខេត្តកំពត ដែលលោកនិពន្ធ “រឿងព្យុះជីវិតនាងរស្មី”។ ចំណែកជ័យលាភីលេខ៥ បានទៅលើលោក សាម សុនិត ខេត្តកំពង់ចាម លោកនិពន្ធ “រឿងសន្សើមសន្តិភាព”។ សូមបញ្ជាក់បន្តិចថាលោក សាម សុនិត បានទទួលមរណភាពកាលពីខែតុលាកន្លងទៅដោយជំងឺគាំងបេះដូង។
ចំណែកជ័យលាភីសម្រាប់ប្រលោមលោកខ្នាតខ្លីវិញលេខ១បានទៅលើលោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់ ដែលលោកនិពន្ធរឿង “បណ្តឹងសហគមន៍”។ លេខ២ បានទៅលោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញ លោកនិពន្ធរឿង “សំនៀងប៊ិឡានី”។ និងលេខ៣បានទៅលោក ពៅ មករា មកពីរាជធានីភ្នំពេញ គឺរឿង “ថ្ងៃរះហើយពុក”។ ឯពានរង្វាន់លួងចិត្ត លេខ៤ បានទៅលោក តុន ច័ន្ទរិទ្ធ មកពីខេត្តបាត់ដំបង លោកនិពន្ធរឿង “បាសាក់”។ លេខ៥ បានទៅលោក សៀង ឈុនលី មកពីខេត្តកំពង់ស្ពឺ លោកនិពន្ធរឿង “ក្រាំងតាត្រាវ”។
ពានរង្វាន់ដែលប្រគល់ជូនបេក្ខជនទាំងពីរផ្នែកមាន៖ លេខ១ ពានមាស១ ប្រកាសនីយបត្រ១ និងថវិកា។ លេខ២ ពានប្រាក់១ ប្រកាសនីយបត្រ១ និងថវិកា។ លេខ៣ ពានសំរិទ្ធ១ ប្រកាសនីយបត្រ១ និងថវិកា។ រីឯពានរង្វាន់លួងចិត្តទទួលបាន ប្រកាសនីយបត្រ១ និងថវិកា។
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅនិងការអានបានប្រាប់ឱ្យដឹងថាស្នាដៃដែលបេក្ខជនបានដាក់ប្រលងឆ្នាំនេះទាំងប្រលោមលោកខ្នាតខ្លី និងកំណាព្យមានវិសេសភាពផ្សេងៗគ្នា និងមានតម្លៃអប់រំបង្ហាញពីតថភាពនៃសង្គមរបស់អ្នកនិពន្ធ។ លោកបញ្ជាក់ថា៖ «កម្រិតស្នាដៃមិនជាខុសគ្នាប៉ុន្មានទេពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែមានវិសេសភាពប្លែកគ្នា ជួនអ្នកនិពន្ធយកផ្នែកនេះមកលាតត្រដាង ជួនយកផ្នែកនោះមកលាតត្រដាង បើថាឱ្យលេចធ្លោដាច់គេនោះ យើងមិនទាន់សង្កេតឃើញទេ។ ចំពោះកំណាព្យវិញ គណៈកម្មការវាយតម្លៃកោតសរសើរថាសរសេរបានល្អទៅលើក្បួនកាព្យ ចំណាប់ចុងចួន និងអក្ខរាវិរុទ្ធ។ ប៉ុន្តែបើគិតជារួមអ្នកសរសេរកំណាព្យឆ្នាំនេះគឺបានល្អប្រសើរតែលើផ្នែកក្បួនកាព្យ ប៉ុន្តែបើគិតជាប្រភេទរឿងបែបកំណាព្យ គឺអ្នកនិពន្ធមិនទាន់អាចចាប់ ចង ចោទ និងស្រាយរឿងបានល្អប្រសើរទេ»។
ក្នុងនាមគណៈកម្មការរៀបចំការប្រលងជ្រើសរើសម្ចាស់ពានរង្វាន់ឥន្ទ្រទេវី និងក្នុងនាមក្រសួងវប្បធម៌វិចិត្រសិល្បៈ លោក កុក រស់ បានប្រាប់ពីទស្សនវិស័យសំខាន់ៗ ៨ចំណុចដើម្បីជំរុញ លើកទឹកចិត្តវិស័យតែងនិពន្ធ៖ ១-បើកវគ្គបណ្តុះបណ្តាលដល់អ្នកដែលមានគោលបំណងចង់បង្កើតស្នាដៃនិពន្ធ។ ២-ក្រសួងស្ថាប័ន អង្គការ សមាគម សង្គមស៊ីវិល វិស័យឯកជន គួរចូលរួម សហការរៀបចំការប្រឡងស្នាដៃតែងនិពន្ធកំណាព្យខ្មែរឱ្យបានញឹកញាប់។ ៣- ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាពមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ពិសេសគឺប្រព័ន្ធបណ្តាញសង្គម(Facebook) ជួយបញ្ជូនសារឱ្យបានយ៉ាងឆាប់រហ័សជំរុញដល់អ្នកនិពន្ធឱ្យមានសុទិដ្ឋិនិយមក្នុងការបង្កើតស្នាដៃថ្មីៗ និងដុសខាត់ សមត្ថភាពអភិវឌ្ឍស្នាដៃរបស់ខ្លួនតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងការសិក្សាស្រាវជ្រាវ។ ៤-ការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រឡងស្នាដៃតែងនិពន្ធឱ្យបានគគ្រឹកគគ្រេងដើម្បីជំរុញនិងលើកទឹកចិត្តដល់កវីនិពន្ធដែលចង់បង្កើតស្នាដៃថ្មីៗបន្ថែមទៀត។ ៥-ការបង្កើតព្រឹត្តិការណ៍ពិព័រណ៍សៀវភៅថ្នាក់ជាតិជារៀងរាល់ឆ្នាំក៏ជាកត្តាជំរុញឱ្យយុវជនយើងចូលចិត្តអានសៀវភៅ និងបង្កើតស្នាដៃតាមរយៈការតែងនិពន្ធ។ ៦-ក្រសួងស្ថាប័នផ្ដល់ឱកាសជូនដល់កវីនិពន្ធឆ្នើមដែលមានស្នាដៃល្អៗ បាន ចូលរួមក្នុងកម្មវិធីធំៗដែលរៀបចំឡើងដោយក្រសួងស្ថាប័ន(ដើម្បីជាការលើកទឹកចិត្ត ដល់កវីនិពន្ធ)។ ៧-បង្កលក្ខណៈងាយស្រួលដល់កវីនិពន្ធក្នុងការបោះពុម្ព ឬ ចេញផ្សាយស្នាដ និពន្ធរបស់ខ្លួនគ្រប់រូបភាព(ទាំងកវីនិពន្ធចាស់ និង កវីនិពន្ធថ្មី)។ ៨-ពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់បន្ថែមថា គណៈកម្មការរៀបចំប្រលងជ្រើសរើសម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ នឹងចាប់ទទួលស្នាដៃចូលរួមប្រកួតប្រជែងពីពេលនេះតទៅ រដូលដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ប្រសិនបើលោកអ្នកដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ លោកអ្នកអានចូលរួមបាន។ ចំពោះប្រធានបទនៃការតែងនិពន្ធវិញ គឺសេរី។ ព័ត៌មានលម្អិតពីលក្ខន្តិកៈនៃការប្រលង សូមតាមដានទំព័រ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
ដោយ៖ហ៊ួន ស៊ីឡូន