ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក.
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធានស.ស.យ.ក. ព្រមទាំងបន្ថែមសមាជិកគណៈអចិន្រ្តៃយ៍ចំនួន០៩រូប និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលថ្មីចំនួន ២០៣រូប។ ការជ្រើសតាំងនេះ ធ្វើឡើងនៅមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
(១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
(២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
(៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
(៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។
បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបាននាពេលកន្លងមកផងដែរ។
សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែមពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕
ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុក ស.ស.យ.ក.