សម្ដេចក្រឡាហោម ស ខេង ថ្លែងថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន ១ខ្នង ២ជាន់ មាន ១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចថ្លែងបន្តថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេចក៏បានបន្តពន្យល់ទៀតថា«ដើម្បីប្រឆាំងនឹងខ្មៅសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេចបានបន្តទៀតថា«ធនធានមនុស្សគឺធានធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ ភាពជោគជ័យនៃការគ្រប់គ្រងជម្ងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីប្រឆាំងនឹងគ្រឿងញៀន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner