ទីក្រុងមួយរបស់បារាំងនិងខេត្តកំពង់ឆ្នាំងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបិត្តិការអភិវឌ្ឍន៍និងវិនិយោគ
កំពង់ឆ្នាំង៖ ក្រុង Bussy-Saint-Georges នៃប្រទេសបារាំងនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបិត្តិការអភិវឌ្ឍន៍ និង វិនិយោគនៃក្រុង និងខេត្ត ទាំងពីរ ឱ្យកាន់មានការរីកចម្រើនបន្ថែមទៀត ។
ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ រវាង លោក Yann Dubosc អភិបាលក្រុង Bussy-Saint-Georges និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។
លោកអភិបាលខេត្តកំពង់ឆ្នាំងថ្លែងក្នុងពិធីនេះថា កិច្ចព្រមព្រៀងនេះ ធ្វើឡើង ក្នុងគោល បំណង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការលើវិនិយោគ និងអភិវឌ្ឍ ខណៈ ខេត្តកំពង់ឆ្នាំង មានសក្តានុពលលើវិស័យកសិកម្ម ទេសេចរណ៍ និង ឧស្សាហកម្ម និងជាខេត្តមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។
លោកបន្តថា៖« កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹង ទាក់ទាញអ្នកវិនិយោគរបស់ បារំាង បានជាច្រើនផងដែរ» ។
បើតាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឆ្នាំ២០២១ សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងមានប្រមាណ ប្រហែល ៩១៨ លានដុល្លារអាមេរិក ស្មើ ៣,៤ភាគរយ នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តមានកំណើន ៣,៦ភាគរយ នៅឆ្នាំ២០២១ ធៀបនឹង ឆ្នាំ២០២០ ចំណូលសម្រាប់ម្នាក់ចំនួន១ ៥៦៤ ដុល្លារនៅឆ្នាំ២០២១ និង១ ៤៩៨ដុល្លារ នៅឆ្នាំ២០២០។ វិស័យកសិកម្មមាន ៥៦.៧ភាគរយ វិស័យ ឧស្សាហកម្មមាន ២៥.៧ភាគរយ វិស័យសេវាកម្មមាន ១៧.៦ភាគរយ នៃសេដ្ឋកិច្ចខេត្ត ។
ចំណែកលោកអភិបាលក្រុង Bussy-Saint-Georges ថ្លែងថា ក្នុងដំណើរបេសកកម្ម របស់ប្រតិភូនៃទីក្រុង Bussy-Saint-Georges ដើម្បីរួមគ្នាបង្កើតចំណង ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា កិច្ចព្រមព្រៀងខាងលើនេះមានគោលបំណង អនុវត្តគ្របដណ្តប់លើរាល់ សកម្មភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិនិយោគ ក្នុងតំបន់ទាំងពីរ(ក្រុង Bussy-Saint-Georges និងខេត្តកំពង់ឆ្នាំង)ដោយគោរពនូវ ផលប្រយោជន៍នៃគូភាគី និងគោរព តាមច្បាប់និងបទប្បញ្ញត្តិនានាជាធរមាន នៃប្រទេសទាំងពីរ ។
លោកបញ្ជាក់ថា លោកពិតជាមានក្តីរំភើប និង សប្បាយរីកបំផុត ដែលបានមកដល់ដែល បានមកដល់ខេត្តកំពង់ឆ្នាំងមុនគេ នៅពេលមកដល់ប្រទេសកម្ពុជា ។ប្រទេស កម្ពុជា ពិតជាបានអភិវឌ្ឍន៍ឆាប់រហ័ស។
លោកថា ក្រុងBussy-Saint-Georges មានសក្តាកនុពលខ្លាំងលើគ្រប់វិស័យ ហើយវិស័យ ដែលឈានមុខគេនៅក្នុងទីក្រុង ក្រុង Bussy-Saint-Georges គឺវិស័យអប់រំ ដែលមានតាំង ពីមេតេយ្យសិក្សាឡើងទៅ រហូតដល់សាកលវិទ្យាល័យ ក្នុងនាមជាដៃគូ កិច្ចសហប្រតិបត្តិការ លោកចង់បណ្តាក់ទុនវិនិយោគលើវិស័យអប់រំនៅក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ៕ ដោយ៖យុទ្ធ វីរៈ