អាជ្ញាធរចិនកំពុងស្វែងរកមុខក្រុមអ្នកធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ១៩
ចិន៖អាជ្ញាធរចិនបានចាប់ផ្តើមការស៊ើបអង្កេតទៅលើក្រុមមនុស្សមួយចំនួនដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងយន្តការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃចុងសប្តាហ៍។ នេះបើយោងតាមពលរដ្ឋចិនមួយចំនួនដែលបានចូលរួមបាតុកម្មនៅទីក្រុងប៉េកាំងបានប្រាប់សារព័ត៌មាន រ៉យទ័រ(Reuters) ខណៈដែលប៉ូលីសនៅតែត្រូវបានដាក់ពង្រាយតាមដងផ្លូវក្នុងទីក្រុង។
បាតុករពីរនាក់បានប្រាប់ភា្នក់ងារសារព័ត៌មាន Reuters ថា មានអ្នកហៅទូរស័ព្ទទៅកាន់ពួកគេដោយបានអះអាងថាជាមន្ត្រីប៉ូលិសក្រុងប៉េកាំង ដោយបានសុំឱ្យពួកគេរាយការណ៍ទៅស្ថានីយប៉ូលិសកាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា តាមរយៈការសរសេរបញ្ជាក់អំពីសកម្មភាពរបស់ពួកគេនៅយប់ថ្ងៃអាទិត្យជាលាយលក្ខណ៍អក្សរ។ សិស្សម្នាក់ក៏បានលើកឡើងផងដែរថា ខ្លួនត្រូវបានសួរនាំដោយមហាវិទ្យាល័យ ថាតើរូបគេបានធ្វើដំណើរទៅក្នុងតំបន់ដែលមានការតវ៉ាកើតឡើងដែរឬទេ និងបានឱ្យសរសេររៀបរាប់ជាលាយលក្ខណ៍អក្សរដូចគ្នាផងដែរ។
ពលរដ្ឋចិនម្នាក់ទៀតដែលបានឃើញការតវ៉ានៅទីក្រុងប៉េកាំង បានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួន ហើយបានលើកឡើងថា៖ «យើងទាំងអស់គ្នាកំពុងលុបប្រវត្តិការជជែកគ្នាក្នុងឆាត (Chat) ទាំងអស់សង្ឃឹម»។ បុគ្គលដដែលនេះបានឱ្យដឹងថា ប៉ូលិសបានសាកសួរថាតើពួកគេទទួលបានព័ត៌មានអំពីការតវ៉ាដោយវិធីណា និងអ្វីជាហេតុផលជំរុញពួកគេឱ្យទៅចូលរួម?។
គេមិនច្បាស់នោះទេថាតើអាជ្ញាធរអាចកំណត់អត្តសញ្ញាណមនុស្សដែលពួកគេចង់សួរអំពីការចូលរួមក្នុងការតវ៉ានេះដោយរបៀបណា ហើយកាន់តែមិនច្បាស់ទៅទៀតនោះគឺថាតើមានមនុស្សប៉ុន្មាននាក់ដែលអាជ្ញាធរគ្រោងនឹងសាកសួរ។ ការិយាល័យសន្តិសុខសាធារណៈរបស់ទីក្រុងប៉េកាំងមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា សិទ្ធិ និងសេរីភាពត្រូវតែអនុវត្តក្រោមក្របខ័ណ្ឌច្បាប់។
គួរដឹងដែរថា ចលាចលសង្គមដ៏ធំបំផុតរបស់ចិនដីគោកនេះ ជាការតវ៉ាដែលមិនធ្លាប់មានពីមុន ចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង ឡើងកាន់អំណាចអស់មួយទសវត្សរ៍មកនេះ។ ចំនួនករណីឆ្លងកូវីដ១៩ ដែលបានកើនឡើងខ្ពស់ជាប្រចាំ ហើយតំបន់ជាច្រើននៃទីក្រុងមួយចំនួនដែលកំពុងប្រឈមមុខនឹងការបិទខ្ទប់សារជាថ្មី ជាមូលហេតុចម្បងនៃការបាតុកម្មនេះ។ មន្ត្រីសុខាភិបាលចិនបានឱ្យដឹងថា ការត្អូញត្អែរអំពីគោលនយោបាយកូវីដ១៩ ភាគច្រើនបណ្ដាលមកពីការដែលមិនអាចរស់នៅបត់បែនបានរបស់ប្រជាពលរដ្ឋ។
លោក Cheng Youquan បានប្រាប់អ្នកសារព័ត៌មានថា៖ «បញ្ហាដែលត្រូវបានគូសបញ្ជាក់ដោយសាធារណជន មិនមែនសំដៅលើការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែផ្តោតលើវិធានការបង្ការជាក់ស្ដែង និងមធ្យោបាយត្រួតពិនិត្យរបស់អាជ្ញាធរ»។
គួរម្លឹកផងដែរថា ជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលកាន់តែខ្លាំង បើទោះបីជាប្រទេសចិនព្យាយាមដាក់ខ្លួនឱ្យនៅឯកោពីពិភពលោក និងបានទាមទារឱ្យប្រជាជនរបស់ខ្លួនអនុវត្តតាមវិធានការតឹងរឹងយ៉ាងណាក៏ដោយ។
ការបិទខ្ទប់បានធ្វើឱ្យសេដ្ឋកិច្ចចិនមានការធ្លាក់ចុះយ៉ាងខ្លាំងបំផុត និងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងទីផ្សារហិរញ្ញវត្ថុ។ ភាគហ៊ុនរបស់ចិន និងប្រាក់យ័ន (Yuan) បានងើបឡើងវិញ នៅពេលអ្នកវិនិយោគបង្ហាញសញ្ញាវិជ្ជមាន ដោយយល់ថាការតវ៉ាប្រឆាំងរបស់ពលរដ្ឋអាចជំរុញឱ្យមានការបន្ធូរបន្ថយការទប់ស្កាត់ និងការបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការរៃអង្គាសប្រាក់របស់អ្នកអភិវឌ្ឍន៍។ ជាក់ស្ដែងសន្ទស្សន៍ CSI300 Index របស់ប្រទេសចិនបានកើនឡើងចំនួន ៣% សន្ទស្សន៍ Shanghai Composite Index បានកើនឡើងចំនួន ២,៣% និងសន្ទស្សន៍ Hang Seng Index របស់ហុងកុងបានកើនឡើង ៥%។ មិនត្រឹមតែប៉ុណ្ណោះ ផែនការជំរុញអត្រាការចាក់វ៉ាក់សាំងបង្ការក្នុងចំណោមមនុស្សវ័យចាស់ក៏បានជួយលើកកម្ពស់និន្នាការនៃទីផ្សារនេះផងដែរ។
យោងតាមវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរបស់ចិន បានបង្ហាញពីប៉ូលិសរាប់រយនាក់បានដាក់ពង្រាយនៅទីលានដ៏ធំមួយដើម្បីរារាំងមនុស្សពីការប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃច័ន្ទ នៅទីក្រុង ហាងចូវ (Hangzhou) ដែលជារដ្ឋធានីនៃខេត្ត ចឺជាង (Zhejiang)។ វីដេអូមួយទៀតបានបង្ហាញពីក្រុមមនុស្សកាន់ទូរស័ព្ទដៃព័ទ្ធជុំវិញប៉ូលិស ខណៈពេលដែលអ្នកផ្សេងទៀតព្យាយាមទាញអ្នកដែលត្រូវបានចាប់ខ្លួនមកវិញ។ យ៉ាងណាក៏ដោយ ប៉ូលីសក្រុងហាងចូវ មិនបានផ្ដល់ការអត្ថាធិប្បាយស្រាយបំភ្លឺនោះទេ។
នៅទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង ក្រុមប៉ូលិសបានដើរល្បាតតំបន់ដែលក្រុមមនុស្សមួយចំនួននៅលើ តេឡេក្រាម (Telegram) បានជជែក និងបបួលគ្នាប្រមូលផ្តុំម្តងទៀត ប៉ុន្តែនៅយប់ថ្ងៃចន្ទ ប៉ូលិសបានបញ្ជាក់ថា មិនមានការជួបជុំគ្នាកើតឡើងនោះទេ។ លោក Philip Qin រស់នៅទីក្រុងប៉េកាំង អាយុ ២២ ឆ្នាំ បាននិយាយថា «វាពិតជាគួរឱ្យខ្លាចណាស់» ដោយលោកចង់សំដៅទៅលើហ្វូងប៉ូលិសជាច្រើននៅតាមដងផ្លូវ។
ពលរដ្ឋដែលរស់នៅក្នុងតំបន់បានឱ្យដឹងថា ប៉ូលិសបាននឹងកំពុងសួរនាំប្រជាជនដែលឆ្លងកាត់តំបន់ទាំងនោះ ដូចជាការពិនិត្យមើលទូរស័ព្ទរបស់ពួកគេដើម្បីដឹងថាតើពួកគេមានប្រើប្រាស់បណ្តាញឯកជននិម្មិត (VPNs) និងកម្មវិធីតេឡេក្រាមដែលត្រូវបានប្រើប្រាស់ដោយក្រុមអ្នកតវ៉ាដែររឺទេ។ គួរដឹងដែរថា ការប្រើប្រាស់ប្រព័ន្ធ VPNs ជាការខុសច្បាប់សម្រាប់មនុស្សភាគច្រើននៅក្នុងប្រទេសចិន ខណៈដែលកម្មវិធីតេឡេក្រាមត្រូវបានរដ្ឋចិនហាមមិនឱ្យប្រើប្រាស់នោះទេ។ រីឯក្រុមអ្នកតវ៉ាខ្លះបានប្រើប្រាស់កម្មវិធីណាត់ជួប (Dating Apps) ដើម្បីគេចវេសពីការតាមដាន និងការត្រួតពិនិត្យរបស់ប៉ូលិស។
កាលពីសប្តាហ៍មុន បាតុកម្មតវ៉ាបានកើតឡើងអំឡុងពេលហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅភាគខាងលិចនៃទីក្រុង Urumqi ដោយអាជ្ញាធរបានលើកឡើងថាមានមនុស្សចំនួន ១០ នាក់បានស្លាប់ដោយសារភ្លើងឆេះនោះ។ អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតមួយចំនួនបានលើកឡើងថា វិធានការបិទខ្ទប់កូវីដ១៩ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្នុងអគារដែលកំពុងឆាបឆេះ ប៉ុន្តែមន្ត្រីនៅទីនោះបានបដិសេធ។
អ្នកសរសេរប្លក់ជាតិនិយមដ៏លេចធ្លោម្នាក់ លោក រ៉ឹនយី ដែលត្រូវជាចៅប្រុសរបស់មេដឹកនាំបក្សកុម្មុយនីស្តចិន លោក រ៉ឹន ចុងយី និងអ្នកស្រី យូ លី បានសរសេរថា ការតវ៉ាត្រូវបានបង្កឡើងដោយការញុះញង់ពីសំណាក់ឥទ្ធិពលរបស់បរទេស។ លោក រ៉ឹន បានសរសេរនៅក្នុងប្លក់របស់លោកថា «តើគោលបំណងរបស់ពួកគេគឺជាអ្វី? ទីមួយ គឺដើម្បីធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែរីកខ្លាំងឡើង។ ទីពីរ គឺដើម្បីមើលថាតើពួកគេអាចធ្វើឱ្យទៅជាបញ្ហានយោបាយទាំងស្រុងជុំវិញបញ្ហាការទប់ស្កាត់ការរីករាលដាលកូវីដ១៩ និងគោលនយោបាយសុខភាពរបស់យើង»។
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរក៏បានព្រមានជាច្រើនដងផងដែរថា ឥទ្ធិពលកម្លាំងបរទេស កំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ហើយបានចោទប្រកាន់ពួកគេពីបទញុះញង់ឱ្យមានការតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៩ នៅទីក្រុងហុងកុង។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា គោលនយោបាយកូវីដ១៩ បានជួយកាត់បន្ថយចំនួនអ្នកស្លាប់រាប់ពាន់នាក់។ ហើយអ្នកវិភាគជាច្រើនបានលើកឡើងថា ការបន្ធូរបន្ថយគោលនយោបាយរឹងបន្តឹងមុនពេលការបង្កើនអត្រាការចាក់វ៉ាក់សាំងបង្ការ អាចនាំឱ្យមានការរីករាលដាលនៃជំងឺនេះកាន់តែខ្លាំង និងការស្លាប់កាន់តែច្រើន ខណៈមន្ទីរពេទ្យមិនមានគ្រប់គ្រាន់៕ ដោយ៖ធា សុខណា