រដ្ឋបាលសង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន ៤ខ្សែ បានប្រព្រឹត្តិទៅដោយភាពរលូន
សៀមរាប៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលសង្កាត់ទាំង៣ គឺសង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានបើកការដេញថ្លៃផ្លូវចំនួន ៤ខ្សែតាមសង្កាត់នីមួយៗរបស់ខ្លួន ដោយមានគណៈកម្មការលទ្ធកម្មសង្កាត់ទាំង៣ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។
កិច្ចលទ្ធកម្មគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២២ គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:០០នាទីព្រឹក និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:១០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ០២:៣០នាទី និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០២:៤០នាទីរសៀល (ដែលមានរយៈពេលទទួលសំណើរដេញថ្លៃ១០នាទី) ទើបឈប់ទទួលសំណើរដេញថ្លៃ ក្នុងនោះ ក៏មានក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២២ គឺនៅសង្កាត់នគរធំ ត្រូវបានទទួលសំណើរដេញថ្លៃចំនួន ០៨ក្រុមហ៊ុន សង្កាត់សាលាកំរើក ទទួលបានសំណើរដេញថ្លៃចំនួន ០៥ក្រុមហ៊ុន និងសង្កាត់ជ្រាវ ទទួលបានសំណើរដេញថ្លៃផ្លូវមានគម្រោងចំនួន ០៩ ក្រុមហ៊ុនផងដែរ។
បន្ទាប់មកគណៈកម្មការលទ្ធកម្មទាំង៣សង្កាត់ បានធ្វើការបើកស្រង់តម្លៃដាក់លើក្រដាសផ្ទាំងឆាតដែលក្រុមហ៊ុននីមួយៗ បានដាក់ក្នុងសំណើរដេញថ្លៃ ហើយគណៈកម្មការលទ្ធកម្មសង្កាត់បានពិនិត្យ និងវាយតម្លៃទៅលើសំណើររបស់ក្រុមហ៊ុននីមួយៗ ដោយមានការចូលរួមពីតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសក្រុង និងការិយាល័យផែនការ និងគាំទ្រសង្កាត់ នៃរដ្ឋបាលក្រុង ក្នុងការបើកសំណើរដេញថ្លៃនោះ ចំពោះការដេញថ្លៃគម្រោងរបស់ថ្នាក់មូលដ្ឋាន ដែលមានសង្កាត់ខាងលើបានដំណើរការល្អប្រសើរទៅតាមគោលការសៀវភៅភីមរបស់ឃុំសង្កាត់ ៕ ដោយ ស៊ាន សុផាត