សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជា បានរងការប្រមាថខ្លាំងពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលចាប់ផ្តើមរាតត្បាតខ្លាំង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ នៅពេលដែលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើកជំងឺកូវីដ១៩។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅក្នុងពិធីអបអរខួបលើកទី១០ បូកមួយ នៃក្រុមហ៊ុនមីឌីបៀរ របស់ជប៉ុន នៅកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរទៅកាន់អ្នកកាសែតប្រទេសជឿនលឿនមួយចំនួន ដែលបានសរសេរវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាថា មានកម្សោយក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ថា ពួកគេ ចេះមានវិប្បដិសារីឬទេ?
សម្ដេច ថា ការឆ្លើយតបនឹងជំងឺកូវីដ១៩ មិនសំដៅលើប្រព័ន្ធសុខាភិបាលខ្លាំង ឬខ្សោយនោះទេ គឺលើការគ្រប់គ្រង និងសមត្ថភាពដឹកនាំ ។
សូមរំលឹកថា ក្នុងពេលដែលកម្ពុជាផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្រុមសារព័ត៌មានបរទេស រួមទាំងសារព័ត៌មានដែលគាំទ្រដោយបរទេសនៅកម្ពុជាមួយចំនួន បានសរសេរវាយប្រហារពីកម្សោយ នៃប្រព័ន្ធសុខាភិបាលកម្ពុជា ដែលនឹងធ្វើឱ្យវិធានការឆ្លើយតបរបស់រដ្ឋាភិបាល គ្មានប្រសិទ្ធភាព។ តែសម្ដេចតេជោ បានបញ្ជាក់ផ្ទុយពីនេះ ដែលយើងអាចឃើញកម្ពុជា បានបើកសង្គមសេដ្ឋកិច្ចឡើងវិញ ដូចសព្វថ្ងៃ ៕ ដោយ ឍើ វណ្ណលុក