ថ្នាក់ដឹកនាំសហព័ន្ធកីឡាល្បុក្កតោ អបអរសាទរ ការដាក់បញ្ចូលកីឡាគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ ការដាក់បញ្ចូលកីឡាគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងមោទកភាពជាតិ។ ពិធីនេះធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា នេះគឺជាជោគជ័យប្រកបដោយមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត កើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។ «ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទាំងអស់ទូទាំងព្រះរាណាចក្រកម្ពុជា»។ ឯកឧត្តមប្រធាន បានបញ្ជាក់ថា វីរៈភាពនេះ សបញ្ជាក់ពីការខិតខំ ក្នុងការតស៊ូមតិ មិនតិចជាង១ទសវត្សន៍នោះឡើយរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវជោគជ័យ និងស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។ «នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយ នូវគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានស្នើសុំដល់អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់ ត្រូវបន្តការខិតខំថែរក្សាក្បាច់គុនព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ ប្រសិនបើយើងមិនថែរក្សាបានល្អនោះទេ គឺទី១គេព្រមាន ទី២ គេនឹងព្យួរ ហើយទី៣ គឺនឹងដកបេក្ខភាពចេញពីបញ្ជីវិញ ដូច្នេះសូមឲ្យយើងទាំងអស់គ្នាត្រូវបន្តពង្រឹងការខិតខំថែរក្សាអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឲ្យបានគង់វង់ កុំឲ្យបាត់បង់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner