ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ នាសាលមហោស្រពចតុមុខ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនទូទៅមានអត្រា ៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ ៥,៧% ក្នុងឆ្នាំ២០១៧ ។
ក្រោយពីបានស្តាប់សាររបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើន ក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះនូវវិបត្តិ នៃជំងឺកូវីដ១៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ពីស្ថានភាពនៃការរាលដាលមេរោគអេដស៍/ ជំងឺអេដស៍នៅកម្ពុជា តែនៅមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែសតែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះឡើង ហើយពិបាកគ្រប់គ្រងជាងមុនៗ ពិសេសការផ្ទុះឡើងនៅក្នុងចំណោម ប្រជាជនប្រឈមមុខខ្ពស់រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមបំប្លែងភេទ ,ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថាន កំសាន្តសប្បាយ, ក្រុមយុវវ័យ, ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។
តាមរបាយការណ៍ឆ្នាំ២០២២ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី ២៣០០នាក់ មកត្រឹមប្រហែល ១១០០នាក់ក្នុងឆ្នាំ២០២១។ ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍។ អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ ២៤.៨%នៅឆ្នាំ២០១២ មក ១៥.២% ក្នុងឆ្នាំ២០១៧។
ក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ខាងលើ ក៏មានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ក្រសួងស្ថាប័នជាសមាជិក ក្រុមការងារ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល យុវជនកាកបាទក្រហម និងតំណាងកម្មវិធីសហប្រជាជាតិ ៕ អ៊ិត រ៉ាវុធ+សេឌី