ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ លើកទី៧ ប្រមូលថវិកា ជួយមន្ទីរពេទ្យ គន្ធបុប្ផា
ភ្នំពេញ៖សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ នៅលើភ្នំបូកគោ រយៈពេល២ថ្ងៃ ដើម្បីស្វែងរកមូលនិធីជួយ ដល់ មន្ទីរពេទ្យគន្ធបុប្ជា ខណៈអ្នកចូលរួមប្រកួតទាំងអស់បានបង្ហាញក្តីរីករាយ គាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់បានចូលរួមចំណេញទាំងសុខភាព និងជួយធ្វើសកម្មភាពសប្បុរសធម៌។
លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ដ៏ធំ ប្រចាំឆ្នាំ លើភ្នំបូកគោ រយៈពេល២ថ្ងៃនេះមានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ៧០០នាក់ ក្នុង នោះអ្នកចូលរួមរត់ប្រណាំងជាង៥០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង១០០នាក់។ ក្រៅពីជន ជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាគ្គីភាព និងបង្កប់ នូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានផងដែរ។
លោក បន្ថែមទៀតថា នេះជាកម្មវិធី សប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំ ការរត់ពាក់កណ្តាលម៉ារ៉ាតុង រួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែប កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ ព្រមទាំងការប្រណាំងកង់ ៣២ ។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។ ជាមួយសកម្មភាពកម្សាន្តផ្សេងៗជាមួយ និងការប្រគំតន្រ្តីផ្ទាល់ រួមនិងស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារ ក្រោមរាត្រីដ៏សែនមនោរម្យ ជាមួយនឹងកន្លែងស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ នៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។
ចំពោះលទ្ធផលជ័យលាភី រួមមាន៖ ផ្នែករត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ លេខ១ កីឡាករ ម៉ា វីរ៉ូ ។ ១០គីឡម៉ែត្របុរស លេខ១ កីឡាករ កាង ធឿន ។ ១០គីឡូម៉ែត្រ ផ្នែកនារី កីឡាការិនី ស្នូត រីដា ។ ក្រៅពីនេះក៏មានជ័យលាភី ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលទទួលបានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ផងផងដែរ។ ជ័យលាភីផ្នែកប្រណាំងកង់ វិញ្ញាសា ELIT លេខ១ កីឡាករ សាន ណាម៉ាវ លេខ២ កីឡាករ សីហា និងលេខ៣ កែវ សុផា ខណៈជ័យលាភីលើវិញ្ញាសា Open និង Master ក៏ត្រូវបានរកឃើញពីលេខ១ដល់លេខ៥ដូចៗគ្នាផងដែរ៕ ចាន់ វិចិត្រ