រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រនិងសៅរ៍ ថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា, ហើយជាគម្រោងនឹងមានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាននិងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។
សម្រាប់កម្មវិធីនេះជាគម្រោងនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩០០ដល់ ១០:១៥ ព្រឹកនឹងមាន ពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព្រឹថ្ងៃទី០២ធ្នូ ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់កម្មវីធី នៅម៉ោង ១០:៤៥ ដល់ម៉ោង១២:00 និងបន្តបើកកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឃូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF។
សម្រាប់នៅរសៀលថ្ងៃទី០២ដដែលនឹងមានកិច្ចប្រជុំតុមូលបន្តទៀត ដោយចែកចេញជា៤ក្រុម ដែលមានទាំងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន (MGMAC 2022) ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ។ កិច្ចពិភាក្សា លើការធ្វើហិរញ្ញប្បទាន គម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍទីក្រុង ។ កិច្ចពិភាក្សាលើការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅកម្រិតមូលដ្ឋាន ការស្វែងយល់ពីកិច្ចសហការ និងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៊ីគ្នារវាងផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងទីក្រុងនៅ កម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន។ កិច្ចពិភាក្សា លើនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ការបង្ហាញរបាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព។
នៅរសៀលថ្ងៃដដែលនោះដែរ ក៏មានការ បន្តកិច្ចពិភាក្សាតុមូលបន្តទៀតផងដែរ ។ ដោយឡែកសម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅពេលព្រឹក តាមកម្មវិធីនឹងមានការបង្ហាញឯកសារវីដេអូ «អាស៊ីម៉ែតមួយ»ការបង្ហាញឯកសារវីដេអូស្តីពីវេទិកាអភិបាលក្រុងអាស៊ាន (AMF) ។
ពិធីបិទកិច្ចប្រជុំ និងការអនុម័តសេចក្ដីថ្លែងការណ៍របស់លោកស្រីបណ្ឌិត Bernadis Irawati Tiandrakowi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMFប្រធាននៃវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ថ្លែងដោយលោក Lee Yoong Yoong នាយកនៃនាយកដ្ឋានកិច្ចការសហគមនៃលេខាធិការដ្ឋានអាស៊ាន ។ កម្មវិធីនេះនឹងត្រូវបញ្ចប់នៅរសៀលថ្ងៃទី០៣ធ្នូដដែល ជាមួយនិងកម្មវិធីដំណើរទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមនី្ទរជាតិ ៕ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ