សម្ដេចតេជោ ហ៊ុន សែន៖ កងទ័ពមួកខៀវកម្ពុជាបីរូប បានរងរបួសដោយសារមីន ខណៈកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា នៅពេលថ្មីៗនេះ កងទ័ពមួកខៀវកម្ពុជាចំនួនបីរូប បានរងរបួសដោយសារមីន នៅប្រទេសម៉ាលីនៃទ្វីបអាហ្វ្រិក ក្នុងពេលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ពេលនេះអ្នករងរបួសទាំងបីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្រិត២ នៃប្រទេសនីហ្សេរីយ៉ា។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្នុងការថ្លែងនាពិធីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតបង្ហើបពីករណីកងទ័ពមួកខៀវកម្ពុជាបីរូបបានរងរបួសដោយសារមីន ក្នុងពេលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី នាតំបន់អាហ្វ្រិក ជាប្រទេសកំពុងញាំញីដោយភ្លើងសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួសបីនាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបថែរក្សា និងការពារតម្លៃសន្តិភាព ដែលជាប្រភពនៃការអភិវឌ្ឍន៍។

ពាក់ព័ន្ធករណីនេះ លោកស្រី កុសល ម៉ាលីនដា ជាអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ថាកងទ័ពមួយខៀវកម្ពុជាទាំងបីរូប របស់កម្ពុជាដែលរងគ្រោះដោយសារមីននោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្រិត២ នៃប្រទេសនីហ្សេរីយ៉ា ដែលមកពេលនេះ មានស្ថានភាពប្រសើរឡើងជាធម្មតាវិញហើយ។

លោកស្រីគូសបញ្ជាក់ពីស្ថានការណ៍ពីក្រោយឧបទ្ទវហេតុនោះដូច្នេះថា៖ «បើតាមព័ត៌មានដែលយើងទទួលបាន នៅអំឡុងពេលដែលពួកគាត់ធ្វើយុទ្ធដំណើរក្បួន ជាទូទៅកម្លាំងយើងបែងចែកទៅតាមវិស័យនីមួយៗក្នុងកិច្ចការប្រយុទ្ធប្រឆាំង និងរាវរកគ្រឿងផ្ទុះកែច្នៃជាដើមហ្នឹងដែលយើងចូលរួមជាមួយកម្លាំងអង្គការសហប្រជាជាតិផ្សេងៗទៀត។ នៅក្នុងអំឡុងគាត់ចុះប្រតិបត្តិការគឺជួបហេតុការណ៍ហ្នឹងតែម្តង»។

អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមរូបនេះបានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពបែបនេះ គឺអាស្រ័យទៅតាមការវាយតម្លៃរបស់អ្នកជំនាញនៃមន្ទីរពេទ្យរបស់អង្គការសហប្រជាជាតិក្នុងតំបន់បេសកកម្ម។ បើស្ថានភាពអ្នករបួសអាចហោះហើរត្រឡប់មកកម្ពុជាវិញបាន គេនឹងរៀបចំជូន ខណៈបើពួកគាត់ចាំបាច់នៅសម្រាកព្យាបាលទីនោះ នោះវាអាស្រ័យលើមន្ទីរពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិ។ សម្រាប់ពេលនេះ ភាគីកម្ពុជានៅបន្តតាមដានស្ថានការណ៍កងទ័ពមួកខៀវទាំងបីរូបនេះយ៉ាងល្អិតល្អន់។

នាពេលបច្ចុប្បន្ន កងកម្លាំងមួកខៀវកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្របខណ្ឌអង្គការសហប្រជាជាតិ(អ.ស.ប) នៅប្រទេសម៉ាលី មានចំនួនពីរកង ដែលមួយកង គឺក្រុមកម្លាំងវិស្វកម្មអាកាសយានដ្ឋានលេខ៧២៩ និងមួយកងទៀត គឺក្រុមកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨។

បច្ចុប្បន្នកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅប្រទេសចំនួនបួន រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី ។

គិតចាប់ពីឆ្នាំ២០០៦ គឺជាង១៦ឆ្នាំហើយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ក្រោយពីកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា អ៊ុនតាក់(UNTAC) បានដកចេញពីកម្ពុជានាឆ្នាំ១៩៩៣។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កងកម្លាំងកម្ពុជាមានចំនួនសរុប ៨ ៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០ ធ្លាប់បានចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួនប្រាំបួន មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មអាកាសយានដ្ឋាន កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner