ស្ដ្រីក្នុងវិស័យកាត់ដេរជាង២០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងកម្មវិធីអក្ខរកម្មរោងចក្រ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ដ្រីក្នុងវិស័យកាត់ដេរជាង២០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងកម្មវិធីអក្ខរកម្មរោងចក្រ(FLP-SkillsFuture) ដែលមានការគាំទ្រពីអង្គការយូណេស្កូ(UNESCO) កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្មវិធីនេះ ត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដដែលនេះដើម្បីបង្កើនជំនាញត្រួតពិនិត្យរបស់ពួកគេ។

នៅក្នុងសិក្ខាសាលារយៈពេលបីថ្ងៃនេះ មានការរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការយូណេស្កូ និងវិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា(TAFTAC)។

កម្មករកាត់ដេរទាំងនោះត្រូវបានកំណត់អត្តសញ្ញាណមកពីរោងចក្រដៃគូចំនួន១៥ នៃកម្មវិធីអក្ខរកម្មរោងចក្រ(FLP-SkillsFuture) ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ និងបង្ហាញពីជំំនាញភាពជាអ្នកដឹកនាំដ៏រឹងមាំ និងសក្តានុពលសម្រាប់ការទទួលយកតួនាទីត្រួតពិនិត្យ។

ក្រៅពីនេះទៀតការបណ្តុះបណ្តាលការកសាងសមត្ថភាពនេះ វាគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលកំពុងដំណើរការ ដើម្បីកសាងលើការបណ្តុះបណ្តាលមុខងារ និងជំនាញលេខ របស់កម្មវិធីអក្ខរកម្មរោងចក្រ(FLP-SkillsFuture) ដើម្បីផ្តល់ឲ្យអ្នកចូលរួមនូវឱកាសបន្ថែមជំនាញ និងពង្រឹងចំណេះដឹងរបស់ពួកគេលើតួនាទី និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង ជំនាញភាពជាអ្នកដឹកនាំ និងវិធីដើម្បីបង្កើនផលិតភាពក្នុងរោងចក្រកាត់ដេរ។

លើសពីនេះ ជំនួយដែលផ្តល់ដល់កម្មករកាត់ដេរនឹងរួមចំណែកដល់ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងរួម និងនិរន្តរភាពនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា។

បើតាមលោកស្រី Esther McFarlane ប្រធានស្តីទីនៃអង្គភាពអប់រំ នៃអង្គការយូណេស្កូកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងបន្តគាំទ្រដល់កម្មវិធីអក្ខរកម្មរោងចក្រ(FLP-SkillsFuture)។

លោកស្រី Esther McFarlane បានប្រាប់ថា ៖ «អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមនុស្ស ដែលវាមានឥទ្ធិពលដល់ការអភិវឌ្ឍសង្គម នយោបាយ បរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសមួយ»។

ចំណែកលោក ញ៉ែម ភិណារ៉េត ប្រធានការិយាល័យអក្ខរកម្មនៅនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រសួង អង្គការយូណេស្កូ និងដៃគូវិស័យឯកជន ហើយភាពជាដៃគូទាំងនេះ បានបង្កើនចំនួនរោងចក្រដៃគូ ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍ Cellcard បានផ្តល់ឧបករណ៍ឌីជីថលដើម្បីបំពាក់ដល់កម្មករនូវជំនាញអក្ខរកម្មឌីជីថល និងគាំទ្រពួកគេក្នុងការរៀនដោយខ្លួនឯង។

លោក ញ៉ែម ភិណារ៉េត បានថ្លែងថា ៖ «ចំពោះភាពជាដៃគូជាមួយ ក្រុមហ៊ុនសែលកាត(Cellcard) នឹងធានាថាកម្មវិធីនេះអាចទៅដល់អ្នកទទួលផលតាមគោលដៅកាន់តែច្រើន និងលើកកម្ពស់ជំនាញផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថល»។

សូមបញ្ជាក់ថា កម្មវិធីអក្ខរកម្មរោងចក្រ(FLP-SkillsFuture) គឺជាផ្នែកមួយនៃដំណាក់កាលទីពីរនៃការងារសមរម្យសម្រាប់យុវជននៅកម្ពុជា(DEY) ដែលជាកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ គាំទ្រដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការអប់រំ(CapED) របស់អង្គការយូណេស្កូ។

ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះមក កម្មករជាង២៥០០ នាក់ (៩៥% ជាស្ត្រី) បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ ដូចជា ទទួលបានគាំទ្រក្នុងការកសាងសមត្ថភាពរបស់កម្មករស្ដ្រីក្នុងការបំពេញមុខងារដោយស្វ័យភាពនៅកន្លែងធ្វើការ និងក្នុងស្ថានភាពប្រចាំថ្ងៃ ហើយក៏បង្កើនផលិតភាពផ្ទាល់ខ្លួនរបស់ពួកគេ និងផ្តល់សិទ្ធិអំណាចឲ្យពួកគេអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ៕ ដោយ៖ ជា សុខនី

ads banner