កីឡាការ៉ាតេ កាន់តែស្គាល់ភាពរីកចម្រើន ខណៈរាជធានីភ្នំពេញទទួលបានមេដាយចំនួនប្រាំ
ភ្នំពេញ៖ជាកីឡាមួយក្នុងចំណោមកីឡាផ្សេងជាច្រើនមុខទៀត ដែលស្ថិតក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី៣ កីឡាការ៉ាតេ ជាកីឡាមួយដែលចាប់ផ្ដើមស្គាល់ភាពរីកចម្រើនជាដំណាក់កាល ដែលការរីកចម្រើននេះ ដោយសារតែ កីឡាករ កីឡាការនីខ្មែរ ជាបន្តបន្ទាប់មានឱកាសចេញទៅប្រកួតជាមួយពិភពលោក ដែលជំរុញសមត្ថភាពពួកគេឱ្យកាន់តែខ្លាំង។
ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា កីឡាករ កីឡាការនីប្រភេទកីឡាការ៉ាតេបានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកមេដាយដែលផ្ដល់ឱ្យដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងចំណោមក្លឹបកីឡាការ៉ាតេទាំងប្រាំមួយ តំណាងរាជធានីភ្នំពេញបានទទួលមេដាយចំនួនប្រាំ ដែលរួមមានមេដាយប្រាក់ចំនួនពីរ និងសំរឹទ្ធិចំនួនបី។ កីឡាករ ប៉ូច ណាឃីម ជាកីឡាករម្នាក់ដែលទទួលបានមេដាយសំរឹទ្ធិនៅក្នុងវិញ្ញាសា ប្រយុទ្ធជាក្រុម (Kumite Team) តំណាងឱ្យរាជធានីភ្នំពេញ និងជាសិស្សចេញពីក្លឹបកាតុងហ្វាងរ៉ាតេ(សាលារៀនសុវណ្ណភូមិអូឡាំពិក) ។
ថ្វីត្បិតនេះជាលើកទីមួយសម្រាប់លោក ដែលចូលរួមប្រកួត ប៉ុន្តែលោកសប្បាយចិត្តជាខ្លាំងដែលយ៉ាងហោចណាស់អាចយកមេដាយសម្រិតជូនក្រុមបាន។
លោក ប៉ូច ណាឃីម បានប្រាប់ថា ៖ «លើកនេះជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ ដើម្បីជាការត្រៀមខ្លួនទុកប្រកួតលើកក្រោយៗទៀត ព្រោះសមត្ថភាពខ្ញុំនៅទាបនៅឡើយ»។
កីឡាកររូបនេះបានប្ដេជ្ញាក្នុងការហ្វឹកហាត់បន្តទៀត ដើម្បីពង្រឹងសមត្ថភាពសំដៅជាពិសេសសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយ ដែលមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំស្រាប់។
ចំណែក កញ្ញា ស៊ិន សូរីណែត ដែលជាកីឡាការនីឈ្នះមេដាយសំរឹទ្ធិក្នុងវិញ្ញាសាប្រយុទ្ធជាក្រុម ដែលជាសិស្សមកពីក្លឹបការ៉ាតេផារ៉ាហ្គន និងជាកីឡាការនីតំណាងរាជធានីភ្នំពេញដែរនោះ បានយកបទពិសោធន៍នៃការប្រកួតនេះជាទុនសម្រាប់ទុកប្រកួតបន្តទៀត។
ដោយឡែក កញ្ញាបានកត់សម្គាល់ឃើញកីឡាករ កីឡាការនីផ្សេងទៀតមានសមត្ថភាពខ្លាំង ដោយអ្នកខ្លះធ្លាប់ទាំងបានចូលរួមប្រកួតនៅក្រៅប្រទេសទៀតផង។ ក្រៅពីនោះក៏មានផងដែរនូវកីឡាករ កីឡាការនីជម្រើសជាតិ ដែលមានសមត្ថភាពលេចធ្លោ។
កញ្ញា ស៊ិន សូរីណែត បានលើកឡើងថា ៖ «បន្ទាប់ពីបានមេដាយ ខ្ញុំសប្បាយចិត្តខ្លាំងដោយសារខ្ញុំប្រកួតប៉ះជាមួយអ្នកខ្លាំងអ្នកហាត់ច្រើនឆ្នាំ! ខ្ញុំស្ទើរតែមិនរំពឹងថាហ្នឹងបានមេដាយឡើយ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថាត្រូវតែខំឱ្យអស់ពីសមត្ថភាព»។
កញ្ញាបានបន្រាប់បន្តថា ៖ « នៅពេលដែលខ្ញុំចូលរួមប្រកួត ខ្ញុំបានដឹងថាសមត្ថភាពខ្ញុំនៅមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយទេ ដូច្នេះខ្ញុំហ្នឹងព្យាយាមហ្វឹកហាត់សមត្ថភាពរបស់ខ្ញុំបន្ថែមទៀត ដើម្បីអាចមានឱកាសមានសមត្ថភាពអាចចូលរួមប្រកួត ស៊ីហ្គេម(sea game )និង ការប្រកួតផ្សេងៗទៀត»។
បើតាមអនុរដ្ឋលេខាធិការងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បានឱ្យដឹងថា កីឡាករ កីឡាការនីមានការរីកចម្រើនជាងមុន បើធៀបទៅនឹងឆ្នាំមុន ដោយសារតែកម្ពុជាយើងជារួមមានឱកាសចូលរួមប្រកួតនៅខាងក្រៅច្រើន ប៉ុន្តែយ៉ាងណា លោកបានអំពាវនាវឱ្យមានការចូលរួមហ្វឹកហាត់ឱ្យកាន់តែច្រើនថែមទៀត ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់កីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា នៅក្នុងប្រភេទកីឡាការ៉ាតេទាំងប្រាំមួយក្លឹប ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយបានមេដាយមាសចំនួនប្រាំពីរ ប្រាក់មួយ និងសំរឹទ្ធិបួន។
តំណាងខេត្តកំពង់ស្ពឺ ទទួលបានចំណាត់ថ្នាក់លេខ២ ដោយបានមេដាយមាសចំនួនពីរ ប្រាក់ចំនួនបួន និងសំរឹទ្ធិពីរ។ ក្លឹបក្រសួងការពារជាតិទទួលបានចំណាត់ថ្នាក់លេខ៣ ដោយបានមេដាយមាសចំនួនពីរ ប្រាក់ពីរនិងសំរឹទ្ធិប្រាំ។ ក្លឹបក្រសួងមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ៤ ដោយបានមេដាយមាសមួយ ប្រាក់ពីរ និងសំរឹទ្ធិបី។
តំណាងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៥ ដោយបានមេដាយប្រាក់ពីរ និងសំរឹទ្ធិបី។ តំណាងខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ៦ ដោយបានមេដាយប្រាក់មួយ និងសំរឹទ្ធិបួន៕ ដោយ៖ កែវ បុស្បា