រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង ១៧ម៉ឺនដុល្លារ សាងសង់សាលាមេត្តេយ្យ និងអនុវិទ្យាល័យ ក្នុងខេត្តបាត់ដំបង និងខេត្តកោះកុង
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង១៧ម៉ឺនដុល្លារ ជូនដល់កម្ពុជាសម្រាប់ការសាងសង់សាលាមេត្តេយ្យ និងអនុវិទ្យាល័យនៅខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តកោះកុង ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជីវភាពប្រជាពលរដ្ឋនៅកម្រិតមូលដ្ឋាន។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ធ្វើឡើងក្រោមអធិបតីភាពរវាងលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅស្ថានទូតជប៉ុន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ក្រោយកិច្ចសន្យានេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១ ៦៤១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរនៅខេត្តបាត់ដំបងនិងខេត្តកោះកុង ក្រោមគ្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
ក្នុងពិធីនោះ លោក តានិណៃ អ៊ិឈិតុម៉ុ មានប្រសាសន៍ថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែក៏នៅជួបនូវបញ្ហាប្រឈមមួយចំនួន។
លោកថា ៖ « ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួម ទាំង (គូសាណូណិ) ផងដែរ»។
លោកតានិណៃ អ៊ិឈិតុម៉ុ បានបញ្ជាក់ថា ពាក្យ គូសាណូណិ ភាសាជប៉ុន ដែលជាភាសាខ្មែរមានន័យថា «ឬសស្មៅ»។
ជំនួយទាំងនោះត្រូវបែងចែកជាពីរ ក្នុងគម្រោងទី១ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៩ ៤៦៥ ដុល្លារអាមេរិក សម្រាប់សាងសង់ អគារមត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមមត្តេយ្យសិក្សា បង្គន់អនាម័យចំនួនមួយខ្នង មានពីរបន្ទប់ និងកន្លែងលាងដៃចំនួនមួយ សង់របងនិងខ្លោងទ្វារសាលាមត្តេយ្យសិក្សា សម្ភារសួន កុមារ និងស៊ីទែនទឹកចំនួនមួយ និងចាក់សាបលើទីធ្លាសាលាមួយផ្នែក នៅក្នុងសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង។
តាមរយៈគម្រោងនេះ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន១០០ នាក់ ដែលមានអាយុពី៣ ទៅ៥ឆ្នាំ និងគ្រូបង្រៀចំនួន៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និង គុណភាពនៃការអប់រំ។
ក្នុងគម្រោងទី២ សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាចំនួន ៩២ ១៧៦ ដុល្លារអាមេរិក សម្រាប់សាងសង់ អគារសិក្សាចំនួនមួយខ្នង មានប្រាំបន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យចំនួនមួយខ្នង មានបួន បន្ទប់ និងអណ្ដូងទឹកចំនួនមួយ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។
តាមរយៈគម្រោងនេះរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន៧២នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ ដោយធានានូវបរិស្ថាន សិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានថ្លែងស្រដៀងគ្នា អរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយនេះ ដែលជាផ្នែកមួយជួយដល់ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់ប្រសើរឡើងមួយកម្រិតទៀត។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។
ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង៦៥ លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន៦៦៥ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕ ដោយ៖ ឡាយ សាមាន