សម្តេចភក្តីប្រធានព្រឹទ្ធសភា៖ លំហប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយ បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងជំនួបទ្វេភាគីរវាងសភាកម្ពុជា និងសភាប្រើភាសាបារាំង ភាគីកម្ពុជាបានលើកឡើងថា លំហប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយ បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង មិនដូចការលើកឡើងរិះគន់មួយចំនួនឡើយ ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចស្វាគមន៍សម្ដេចភក្តី សាយ ឈុំ បានចាត់ទុកថាដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបាំង (APF) ជាមួយសភាកម្ពុជា។សម្ដេចបានគូសបញ្ជាក់ថា សភាកម្ពុជាបានដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំងនៅក្នុងតំបន់ និងសកលលោក ហើយកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងហ្រ្វង់កូហ្វូនី បានប្រព្រឹត្តទៅដោយរលូនលើគ្រប់យន្តការទាំងអស់នៃAPF ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

សម្ដេចភក្តីបន្តថា ៖ «សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហរជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា»។

ជាមួយគ្នានេះដែរសម្ដេចភក្តីបានប្រាប់ទៅលោក Christophe-André Frassa ថា ៖«លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ គណ-បក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង»។

ចំណែកលោក Christophe-André Frassa ក៏បានលើកឡើងដែរថា គោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនាពេលនេះ ដើម្បីស្វែងយល់អំពីការវិវឌ្ឍជាវិជ្ជមាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា ជាមួយប្រទេសប្រើភាសាបារាំង។

ក្នុងឱកាសនោះដែរ សម្ដេចភក្តី សាយ ឈុំ បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៣ ប្រទេសកម្ពុជាអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលវេលាកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្ដេចបានលើកឡើងថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន ១៧ ចូលរួម ហើយមានគណបក្សចំនួន ៩ បានទទួលអាសនៈ នៅថ្នាក់ឃុំ-សង្កាត់។

សម្ដេចភក្តីគូសបញ្ជាក់ថា ៖ «ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ដែលទាំងអស់គ្នាទទួលយកបាន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមគ្រប់ដំណាក់កាលមុនបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងពីភាពវិជ្ជមានរបស់ភាគីកម្ពុជាពាក់ព័ន្ធលំហរប្រជាធិបតេយ្យគឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែនៅមិនទាន់ឆ្លុះបញ្ចាំងពីតថភាពសង្គមនៅឡើយទេ ៕ ដោយ៖ ឡាយ សាមាន

ads banner