ក្រសួងការបរទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF)» សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ដោយមានការចូលរួមពីសំណាក់ប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអំពីកាតព្វកិច្ច និងនីតិវីធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា។
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សិក្ខាសាលានារសៀលនេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេសឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិកតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង Guidelines និងធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។
ឯកឧត្តម លុយ ដាវីត បានបន្តថា ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលតម្រូវឱ្យរដ្ឋដែលជាសមាជិក អ.ស.ប. ទាំងអស់អនុវត្ត។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តសេចក្តីសម្រេចចិត្ត ចំនួន០៥ ពាក់ព័ន្ធនឹងការហាមឃាត់ការផ្តល់ហិរញ្ញប្បទានដល់តួអង្គមិនមែនរដ្ឋ (non-state actors) ក្នុងការអនុវត្តសកម្មភាពដែលធ្វើឱ្យមានការរីកសាយភាយអាវុធមហាប្រល័យ និងតម្រូវឱ្យប្រទេសសមាជិក បង្កើត អភិវឌ្ឍ ពិនិត្យ និងរក្សាការត្រួតពិនិត្យ ឬរិតបន្តឹង លើការផ្តល់មូលនិធិ និងសេវាកម្មពាក់ព័ន្ធនឹងការនាំចេញ និងការដឹកជញ្ជូនទំនិញដែលអាច រួមចំណែកដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះ អ.ស.ប.ក៏បានអនុម័តសេចក្តីសម្រេចចិត្តចំនួន១០ទៀត ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ប្រទេសកូរ៉េខាងជើង) និងប្រទេសអ៊ីរ៉ង់។ ក្រៅពីអ.ស.ប. ក៏មានស្ថាប័នដទៃទៀត ដែលត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. របស់រដ្ឋសមាជិកផងដែរ។ ឧទាហរណ៍ ដូចជាក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (ឬហៅកាត់ថា FATF -Financial Action Task Force on Money Laundering)។
ឯកឧត្តមបន្តទៀតថា ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) ជាស្ថាប័នអន្តររដ្ឋាភិបាលដែលបង្កើតនៅឆ្នាំ១៩៨៩ នៅប្រទេសបារាំង ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងវិធានការប្រតិបត្តិការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រព័ន្ធធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាសកល។ FATF បានបង្កើតជាស្តង់ដារសកល ដើម្បីធ្វើការវាយតម្លៃ និងកំណត់ប្រទេសក្នុងបញ្ជីខ្មៅ ឬប្រផេះ ក្នុងគោលបំណងបង្កើនឆន្ទៈនយោបាយ កំណែទម្រង់ថ្នាក់ជាតិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការសម្អាតប្រាក់។
នៅឆ្នាំ២០១២ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) បានបន្ថែមអនុសាសន៍ពាក់ព័ន្ធនឹងការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ។ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ តម្រូវឱ្យប្រទេសទាំងអស់អនុវត្តទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ (Targeted Financial Sanctions) ដោយអនុលោមតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលពាក់ព័ន្ធនឹងការទប់ស្កាត់ បង្ក្រាប និងបង្អាក់ការរីកសាយភាយអាវុធមហាប្រល័យ និងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពទាំងនេះ។ ក្នុងន័យនេះ រដ្ឋនីមួយៗត្រូវបង្កក ដោយគ្មានបង្អង់នូវទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។ ការងារនេះទាមទារឱ្យមានការចូលរួម និងសហការគ្នាពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ទាំងវិស័យរដ្ឋ និងឯកជន ព្រមទាំងវិស័យ ស្ថាប័នមិនមែនរដ្ឋាភិបាលផងដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា ក្រោមការបេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិករបស់ អ.ស.ប. និងក្នុងន័យចូលរួមអនុវត្តឱ្យខ្ជាប់ខ្ជួនតាមស្តង់ដាររបស់ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការបង្កើតក្របខណ្ឌគតិយុត្តិគ្រប់ជ្រុងជ្រោយ និងរៀបចំរចនាសម្ព័ន្ធក្នុងការទប់ស្កាត់ និងបង្រ្កាបសកម្មភាពប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ ដូចជា៖
១.រៀបចំ និងប្រកាសឱ្យប្រើប្រាស់ ច្បាប់ PF នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងបានរៀបចំអនុក្រឹត្យចំនួនបី ដើម្បីសម្រួលក្នុងការអនុវត្តច្បាប់នេះ។
២.បើកយុទ្ធនាការផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់អំពី ច្បាប់ PF និងការអនុវត្តដល់ក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ទាំងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ក៏ដូចជាសាធារណជន តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងវេទិកាតុមូលផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសារព័ត៌មាន និងគេហទំព័រផ្លូវការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
៣.ទន្ទឹមនេះ ក្នុងទិដ្ឋភាពនៃការអនុវត្ត ច្បាប់ PF ដែលតម្រូវឱ្យរដ្ឋនីមួយៗបង្កកដោយគ្មានបង្អង់នូវទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះ ក្នុងបញ្ជីទណ្ឌកម្មទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រសួងការបរទេសបានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវឯកសារណែនាំអំពីនីតិវិធីអនុវត្ត (ដែលហៅកាត់ថា Guideline) ដើម្បីសម្រួលដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចាត់វិធានការខាងលើបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការងារពិតជាមិនអាចសម្រចបានពេញលេញ និងគ្រប់ជ្រុងជ្រោយទេ បើសិនគ្មានការចូលរួមយ៉ាងសកម្មពីអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅកម្ពុជា។
ឯកឧត្តម លុយ ដាវីត បានលើកឡើងថា ក្នុងនាមជាស្ថាប័នត្រួតពិនិត្យលើអង្គការ FNGOs (ដែលត្រូវបានកំណត់ជាបុគ្គលរាយការណ៍ ដូចមានចែងក្នុងមាត្រា១១ នៃច្បាប់ PF) ក្រសួងការបរទេសសង្ឃឹមថាសិក្ខាសាលានេះនឹង៖
ទី១)បន្តលើកកម្ពស់ការយល់ដឹងដល់បុគ្គលិក FNGOs ដើម្បីធានាថា FNGOs ទាំងអស់យល់អំពីការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទាំងក្នុងទិដ្ឋភាពច្បាប់ ទាំងការអនុវត្ត។ ជាពិសេស បណ្តុះបណ្តាលឱ្យបុគ្គលិកអង្គការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួនជាបុគ្គលរាយការណ៍ និងនីតិវិធីនៃការអនុវត្តកិច្ចការនេះ ដូចជា៖ សកម្មភាពដែលត្រូវអនុវត្ត ស្ថាប័នដែលត្រូវរាយការណ៍ជូន ស្ថាប័នដែលត្រូវសហការជាមួយ និងបែបបទដែលត្រូវប្រើប្រាស់ក្នុងការអនុវត្តកិច្ចការងារនេះ និងទី២)ចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។
ឯកឧត្តម លុយ ដាវីត សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងផ្តល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លឹមសារនៃច្បាប់ PF ពង្រឹងការអនុវត្ត និងបទបញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជំនាញរបស់ក្រសួងការបរទេស ការចូលរួមបកស្រាយផ្នែកបច្ចេកទេសពីតំណាងក្រសួងមហាផ្ទៃ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងការចូលរួមពិភាក្សារបស់តំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ Freshnews