អដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ប្រគល់មកកម្ពុជានៅថ្ងៃទី១ធ្នូ
កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេស កម្ពុជា។
ពិធីនេះធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២២ ក្រោមអធិបតីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ។
បន្ទាប់ពីធ្វើពិធីប្រគល់និងទទួលរួច កម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦។
គួរបញ្ជាក់ថាក្នុងអម្លុងកាលដឹកនាំតស៊ូដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូ៤៩រូប នៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលិជីវិត ។
អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំង នោះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍មួយនៅក្នុង ឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។ ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវ ប្រវត្តិសាស្ត្របានកត់ត្រានៃការបង្កើត អង្គភាព១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃ ចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងិតនៃសម័យរបបខ្មែរក្រហមប៉ុលពត។ ពិធីឈាបនដ្ឋានយុទ្ធជនតស៊ូទាំង៤៩រូបនេះ នឹងគ្រោងធ្វើនៅថ្ងៃទី២ធ្នូក្រោយអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។