កត្តាធំៗចំនួនពីរ កំពុងបានប្រែក្លាយកម្ពុជា ពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថាកម្ពុជាបាន និងកំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ចដែលពោរពេញទៅដោយឱកាសមាសយ៉ាងពិតប្រាកដសម្រាប់ធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ នេះកម្ពុជាបានឆ្លងកាត់បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទំាងទិដ្ឋភាព នយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ ក្រុមហ៊ុន មីនីបៀ របស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើក ឡើងថា ខណៈដែលប្រទេសមួយចំនួនកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសខ្លះបានផ្អាកដំណើរការសកម្មភាពផលិតនានា និងប្រទេសខ្លះទៀតកំពុងជួបវិបត្តិសង្រ្គាម ប៉ុន្តែកម្ពុជានៅ តែមានស្ថានភាពល្អ និងមានកំណើនវិនិយោគនៅក្នុងប្រទេស គួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនក្រុមហ៊ុន វិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗពីរ គឺ កត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយកម្ពុជា រួមជាមួយ នឹងការលើកទឹកចិត្តមួយចំនួន បានធ្វើឱ្យមានការទាក់ទាញ វិនិយោគទុនមកកម្ពុជាជាច្រើន។

សម្តេចតេជោបានបញ្ជាក់បន្ថែមដូច្នេះថា៖ «ឥឡូវសូមសម្លឹង មើលទៅប្រទេសអ៊ុយក្រែន តើប្រទេសក្នុងពិភពលោក និង ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ចង់ទៅវិនិយោគនៅប្រទេស មានសង្រ្គាមទេ? ចឹងគ្មានអ្នកណាអាចប្រថុយដាក់ទុនវិនិយោគ នៅប្រទេសមានសង្រ្គាម គ្មានសន្តិភាព និងស្ថិរភាពនយោបាយ នោះទេ ចឹងសព្វថ្ងៃកម្ពុជាមានកត្តាពីរ គឺសន្តិភាព និងស្ថិរភាព នយោបាយ ទើបជំរុញឱ្យបណ្តារក្រុមហ៊ុនឈរជើង វិនិយោគ នៅកម្ពុជាបាន»។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងទៀតថា ដើម្បីជំរុញការ វិនិយោគ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែមានភាពរឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំជំរុញ និងកសាង ហេដ្ឋារចនាសម្ព័ន្ធទំាងផ្នែករឹង និងទន់ ដើម្បីសម្រួលដល់ ការវិនិយោគ និងពាណិជ្ជកម្ម ដែលកំពុងតែមានការរីក លូតលាស់នេះ។

ប្រទេសកម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ឱ្យរហ័សនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី» ដោយសារប្រទេស អាស៊ីអាគ្នេយ៍មួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ថេរ និងលឿនរហ័ស ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

ជាងនេះទៀត អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា ធ្លាប់បានលើក ឡើងដែរថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺដោយសារ តែក្រុមហ៊ុនទាំងនោះ បានសម្លឹងឃើញសក្តានុពលរបស់កម្ពុជា ដោយផ្អែកទៅលើកំណើនសេដ្ឋកិច្ចរឹងមាំជារៀងរាល់ឆ្នាំ បរិយាកាសវិនិយោគល្អ ទីតាំងវិនិយោគអំណោយផលល្អ នៅចំចំណុចកណ្តាលបេះដូងនៃបណ្តាប្រទេសអាស៊ាន កម្លាំងពលកម្មវ័យក្មេងច្រើន ពិសេសកត្តាស្ថិរភាពនយោបាយ បានប្រែក្លាយកម្ពុជាពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ។

ជាមួយគ្នានេះដែរអ្នកជំនាញ និងអ្នកជំនួញកម្ពុជា ក៏មានក្តី រំពឹងខ្ពស់ ចំពោះច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីក្នុងការធ្វើឱ្យ ប្រសើរ ឡើងនូវឱកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។ តាមរយៈយន្តការសម្របសម្រួល និងលំហូរពាណិជ្ជកម្ម សេរីទាំងនេះ វានឹងជួយផ្តល់ទំនុកកាន់តែខ្ពស់បន្ថែម ទៀត ដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគ លើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ រំហូរទុនវិនិយោគពី បរទេសនៅកម្ពុជា មានចំនួនប្រមាណ ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០ បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១ កើនដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេលពីរ ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើន ឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ គឺប្រមាណពីរ ពាន់លានដុល្លារអាមេរិក៕
ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner