នគរបាលថៃនឹងចាប់ផ្តើមប្រព័ន្ធដាក់ពិន្ទុអ្នកបើកបរថ្មី ចាប់ពីថ្ងៃទី៩ ខែមករា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

បាងកក៖ អគ្គស្នងការនគរបាលជាតិថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធដាក់ពិន្ទុថ្មីសម្រាប់អ្នកបើកបរ ដែលមានបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី៩ ខែមករា ២០២៣។

នាយឧត្តមសេនីយ៍ Damrongsak Kittiprapas បានប្រាប់សន្និសីទសារព័ត៌មាន នៅទីស្នាក់ការប៉ូលិសភូមិន្ទថៃថា អ្នកបើកបរយានយន្តម្នាក់ៗដែលមានប័ណ្ណបើកបរ នឹងចាប់ផ្តើមដោយពិន្ទុ ១២ ហើយអ្នកបើកបរនឹងត្រូវពិន័យដោយការដកពិន្ទុ អាស្រ័យលើភាពធ្ងន់ធ្ងរនៃបទល្មើសចរាចរណ៍របស់ពួកគេ។

បើកបរហួសល្បឿនកំណត់ មិនពាក់ខ្សែក្រវ៉ាត់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនឈប់នៅផ្លូវបំបែកសេះបង្កង់ និងប្រើទូរស័ព្ទពេលបើកបរ ម្នាក់ៗត្រូវខាតបង់មួយពិន្ទុ។ បំពានភ្លើងក្រហម នឹងត្រូវខាតបង់ ពីរពិន្ទុ។ អ្នកបើកបរយានយន្តនឹងត្រូវបានដកចំនួន ៣ ពិន្ទុ សម្រាប់បទល្មើស បុកហើយរត់ ខណៈដែលបើកបរក្នុងពេលស្រវឹង ឬ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងពាក់ពន្ធ័នឹងការប្រណាំងលើផ្លូវខុសច្បាប់ ផ្សេងៗ នឹងត្រូវកាត់៤ពិន្ទុ។

មេប៉ូលិសរូបនេះបាននិយាយដែរថា អ្នកបើកបរដែលមិនបង់ប្រាក់ពិន័យចរាចរណ៍នឹងត្រូវបានកាត់បន្ថយពិន្ទុទៀត។ លោកបន្តថា ការកាត់បន្ថយពិន្ទុនឹងត្រូវអនុវត្តតាមប្រព័ន្ធអេឡិចត្រូនិកតាមប្រព័ន្ធ Police Ticket Management (PTM) ដែលកត់ត្រារាល់បទល្មើសចរាចរណ៍។ «ប្រសិនបើពិន្ទុរបស់អ្នកបើកបរគឺសូន្យ ប័ណ្ណបើកបរនឹងត្រូវផ្អាករយៈពេល ៩០ ថ្ងៃ»។

លោក Damrongsak បាននិយាយថា ពួកគេនឹងត្រូវបានជូនដំណឹងជាលាយលក្ខណ៍អក្សរដោយប៉ូលីស។ លោកបានបន្ថែមថា អ្នកដែលបើកបរក្នុងអំឡុងពេលព្យួរប័ណ្ណបើកបររបស់ពួកគេប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារអតិបរមា ៣ ខែ និង/ឬពិន័យជាប្រាក់រហូតដល់ ១០.០០០បាត។

ពិន្ទុដែលបានដកនឹងត្រូវបានស្ដារឡើងវិញមួយឆ្នាំ បន្ទាប់ពីបទល្មើសត្រូវបានប្រព្រឹត្ត លើកលែងតែក្នុងករណីដែលពិន្ទុទាំង១២ ត្រូវបានដកចេញ។ អ្នកដែលមានពិន្ទុសូន្យ គឺតម្រូវឱ្យឆ្លងកាត់ ការបណ្តុះបណ្តាលពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីទទួលបានពិន្ទុទាំង ១២ ឡើងវិញ៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner