អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ក្រុង-សង្កាត់ នៃរដ្ឋបាលក្រុងតាខ្មៅកាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២។
នាឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់សង្កាត់ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។
លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ក្នុងឆ្នាំ២០២២ មាន៖ ៤១៧ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ១១ វិស័យអាជីវកម្ម ៣៧ គម្រោង វិស័យវិស័យអប់រំ ៤៤ គម្រោង វិស័យសុខភាព ១១០ គម្រោង វិស័យភាពងាយរងគ្រោះ ១១គម្រោង វិស័យបរិស្ថាន ៧០គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៤ គម្រោង ៕ ដោយ-រ៉ាវុធ