អនុប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម ជំរុញឲ្យសមាជិកបក្ស បន្តពង្រឹងសាមគ្គីភាព ដើម្បីទទួលជោគជ័យការបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំ២០២៣
កណ្ដាល៖ ឯកឧត្តម រ័ត្ន មុនី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯមទទួលបន្ទុកក្តាប់រួមក្រុមការងារគណបក្សចុះមូលដ្ឋានឃុអរិយក្សត្រឃុំថ្មគរនិងឃុំទឹកឃ្លាំងនិងជាប្រធានទទួលបន្ទុកផ្ទាល់ការងារគណបក្សឃុំអរិចក្សត្រ បានជំរុញទៅសមាជិក សមាជិកការគណបក្សក្នុងឃុំត្រូវបន្តពង្រឹងសាមគ្គីភាព ឆ្ពោះទៅការទទួលបាននូវជ័យជំនះ នៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ។
ក្នុងពិធីសំណេះសំណាល និងប្រកាសសុពលភាពក្រុមការងារគណបក្សទាំងបីឃុំក្នុងស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូឆ្នាំ២០២២ ឯកឧត្តម រ័ត្ន មុនី មានប្រសាសន៍ទៀតថា សមាជិករបស់គណបក្សដែលមានតួនាទីជាអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន រួមទាំងបញ្ហាប្រឈមផ្សេងៗ។ ឯកឧត្តមបានបន្តថា មួយវិញទៀតត្រូវពិនិត្យមើលបញ្ហា ឬសំណូមពររបស់ប្រជាពលរដ្ឋអ្វីខ្លះ ដែលមិនទាន់បានដោះស្រាយជូនពួកគាត់ ក្នុងរយៈពេលមកនេះ ហើយអ្វីខ្លះដែលបានដោះស្រាយហើយ ក៏ត្រូវបង្ហាញដល់ពលរដ្ឋឲ្យបានដឹង ។
ឯកឧត្តមអនុប្រធានក្រុមការងារ បន្ថែមថា ចំពោះការងាបក្ស ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន គណបក្សឃុំត្រូវតែសាមគ្គីគ្នា ឯកភាព កិច្ចសហការល្អ ជួយគ្នា ដើម្បីពង្រឹងសកម្មភាពផែនការនៃការបោះឆ្នោត និងការឃោសនា ព្រោះដំណាក់កាលនេះ ជាការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយផ្សេងៗ តាមបែបលទ្ធិប្រជាធិបតេយ្យ ដោយសមាជិកបក្សត្រូវផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ដើម្បីឲ្យពួកគាត់បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ ដោយ ៖ សុខ ណេត