សហគមន៍មួយអាចរកចំណូលបាន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីរបរប្រមូលទឹកឃ្មុំព្រៃតាមលក្ខណៈបច្ចេកទេស
ក្រចេះ៖ ការយកទឹកឃ្មុំគឺភាគច្រើនកើតចេញពីទម្លាប់បែបបុរាណ ដោយចេះតៗគ្នាពីដូនតាមក និងភាគច្រើនធ្វើឡើងនៅតំបន់ ដាច់ស្រយាល ដែលពឹងផ្អែកខ្លាំងលើអនុផលព្រៃឈើ។ ប៉ុន្តែការប្រមូលទឹកឃ្មុំដែលមិនមានបច្ចេកទេសត្រឹមត្រូវណាមួយ អាចប្រឈមនឹងការបាត់បង់ចំណូលទៅថ្ងៃក្រោយ។
ដើម្បីជាការធានាភាពយូរអង្វែងនៃរបរមួយនេះ អង្គការកម្មវិធី ផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា (NTFP-EP) បានផ្ដល់នូវការបណ្ដុះបណ្ដាលដល់សហគមន៍ផ្ទាល់ៗតែម្ដង។ ការបណ្ដុះបណ្ដាលនេះទៀតសោត គឺក្នុងគោលបំណងបញ្រ្ជាប ចំណេះដឹងអំពីការរស់នៅរបស់សត្វឃ្មុំ និងវិធីធ្វើយ៉ាងណាអាច ប្រមូលទឹកឃ្មុំបានជាច្រើនដងក្នុងមួយរដូវ។
ក្នុងនោះ ក៏មានផងដែរក្រុមប្រមូលឃ្មុំព្រៃប្រាសាទទឹកខ្មៅ ដែលជាក្រុមបានចូលរួមការបណ្ដុះបណ្ដាល ព្រមទាំង ទទួលបានការលើកទឹកចិត្តជារឿយៗ ក្នុងការបន្ត ប្រមូលទឹក ឃ្មុំដែលមានគុណភាព និងមាននិរន្តរភាព។
លោក ឯក សុវណ្ណា ប្រធានក្រុមប្រមូលឃ្មុំព្រៃប្រាសាទទឹកខ្មៅ ដែលរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានឱ្យដឹងថា តំបន់ របស់លោកជាតំបន់ដែលសំបូរឃ្មុំ ហើយជាទម្លាប់គឺការរកឃ្មុំជា របរប្រចាំតំបន់តែម្ដង។ ដោយឡែក សកម្មភាពនៃការយកទឹកឃ្មុំ កន្លង មកគឺប្រព្រឹត្តទៅដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលនាំឱ្យដាច់ពូជឃ្មុំ។
រហូតដល់ឆ្នាំ ២០១៨ ដែលភូមិរបស់លោកបានកកើតជា សហគមន៍ តូចមួយ និងទទួលបានការបណ្ដុះបណ្ដាលពីបច្ចេកទេស យកទឹក ឃ្មុំ។ អ្វីដែលកាន់តែចាំបាច់ទៀតនោះ គឺការទទួលបាននូវទីផ្សារដែល ទូលំទូលាយជាងមុន និងមានតម្លៃថ្លៃជាងមុន។
ប្រធានក្រុមរូបនេះបានរៀបរាប់ថា៖ «ក្រោយពីពួកយើងទទួល បានការបណ្ដុះបណ្ដាល ក្រុមពួកយើងយកទឹកឃ្មុំដោយ មិន ប្រើប្រាស់ភ្លើងទេ គឺយើងគ្រាន់តែប្រើផ្សែងដើម្បីដេញ ឃ្មុំចេញ តែប៉ុណ្ណោះ! ។ម្យ៉ាងទៀត សម្រាប់ក្បាលទឹកក៏យើងមិនយកអស់ដែរ ពេលគឺយកតែ៨០ភាគរយ ទុក២០ភាគរយទៀតដើម្បីឱ្យឃ្មុំបន្ត នៅលើសម្បុកនោះទៀត ហើយយើងនឹងអាចប្រមូលបានម្ដង ទៀតនៅមួយខែ ទៅពីរខែក្រោយ»។
សម្រាប់ទីផ្សារលោកថា ខាងអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធ អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានរកឱ្យ និងក្រៅពីនោះទៀត គឺប្រជាសហគមន៍អាចលក់រាយដោយខ្លួនឯងបាន។
បើតាមប្រធានក្រុមដដែលនេះ ប្រជាសហគមន៍ប្រមាណជា ៤៥គ្រួសារ នេះអាចរកចំណូលបានរហូតទៅដល់ មួយម៉ឺន ទៅពីៅរម៉ឺន ដុល្លារក្នុងមួយឆ្នាំ ស្មើនឹងចំនួនទឹកឃ្មុំពីពីរ ទៅបី ពាន់តោន។ បើគិតជាចំណូលឯកជន ក្នុងមួយគ្រួសារអាចរកបាន រហូតដល់ ពីរពាន់ដុល្លារក្នុងមួយឆ្នាំ។
លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃ អង្គការកម្មវិធី ផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា (NTFP-EP) បានរៀប រាប់ផងដែរថា លក្ខខណ្ឌនៃការប្រមូលផលទឹកឃ្មុំប្រកបដោយ និរន្តរភាព អាស្រ័យលើលក្ខខណ្ឌ គោលការណ៍ អនាម័យ និងភាព ប្រាកដប្រជាក្នុងការប្រមូលផល ដែលជាផ្នែកមួយជំរុញឱ្យសក្ដានុពល ទឹក ឃ្មុំព្រៃកាន់តែល្អប្រសើរឡើង។
លោកបន្តទៀតថា យើងព្យាយាមធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ និងអាចអាស្រ័យផលបានយូរអង្វែងលើអ្វីដែលគាត់មានជំនាញស្រាប់។ ធ្វើបែបនេះ ជីវភាពរបស់ពួកគាត់ក៏ធូរធារល្មមអាចផ្គត់ផ្គង់ គ្រួសារបាន និងថែមទាំងមិនប៉ះពាល់ទៅដល់អនុផលព្រៃឈើ ផ្សេងទៀត។
បន្ថែមពីនោះ អង្គការក៏បានបង្កើតកម្មវិធីប្រគល់ប័ណ្ឌសរសើរ និង ផ្ដល់ វិញ្ញាបនបត្រធានាពីគុណភាពទឹកឃ្មុំ ដើម្បីជាការលើកទឹកចិត្ដ ដល់សហគមន៍ក្នុងការបន្តខិតខំប្រឹងប្រែងចម្រាញ់យកទឹកឃ្មុំដែលមានគុណភាពល្អ៕
ដោយ៖ កែវ បុស្បា