ក្រសួងអប់រំ រក្សាទុកដាក់ហឹប វិញ្ញាសា សម្រាប់ការប្រឡង បាក់ឌុបនៅ តាម រដ្ឋបាលសាលា រាជធានី -ខេត្ត
ភ្នំពេញ៖ បន្ទាប់ពីប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួនមកនោះ ហឹប វិញ្ញាសា សម្រាប់ ដំណើរ ការ សំណេរ នៃ ការ ប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិឬហៅថាបាក់ឌុប សម័យ ប្រឡង ០៥ ធ្នូ ២០២២ ត្រូវបានដឹក ជញ្ជូនទៅរក្សាទុក នៅតាម រដ្ឋបាល សាលា រាជធានី-ខេត្ត ប្រកបដោយ សុវត្ថិភាព ។
ក្រសួងអប់រំបានឱ្យដឹងថា៖ ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាង ហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ពីសំណាក់គណៈមេប្រយោគ គណៈកម្មការ អប្បមាទទូទាំង ប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី ដែល ពាក់ព័ន្ធ ដើម្បីរក្សាបាន នូវ ស្តង់ដា នៃការប្រឡងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ក្រសួងអប់រំបានឱ្យដឹងដែរថា៖គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយ ៖ ម៉ាដេប៉ូ