លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារ នាំយកអំណោយប្រគល់ជូនស្ត្រីមេម៉ាយម្នាក់ ដែលកំពុងជួបការលំបាក
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារៈនិងថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ថ្លាង សុភាព អាយុ៦២ឆ្នាំ ដែលជួបការលំបាកនិងខ្វះខាត ស្នាក់នៅក្នុងបន្ទប់ជួលលេខ៣៦៣ ផ្លូវ២៧១ស្ទួន ភូមិ០៣ ក្រុម១៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ចាក់ថា ស្ត្រីម្នាក់នេះមិនត្រឹមតែលំបាកខ្វះខាតប៉ុណ្ណោះទេ ថែមទាំងជួបរឿងអភ័ពគួរឲ្យអាណិតបំផុត ត្បិតកន្លងមក បន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយ គាត់ត្រូវទទួលបន្ទុកចិញ្ចឹមកូន០៣នាក់(មានម្នាក់ឈឺ ម្នាក់ពិកាភ្នែក) និងចៅស្រីពិកាជើងម្នាក់ទៀត ក្រោយមកកូនម្នាក់បានស្លាប់ដោយសារជំងឺមហារីក និងកូនម្នាក់ទៀត មិនអាចរកការងារបាន ព្រោះត្រូវជួយមើលបងប្រុសពិកាភ្នែក និងក្មួយស្រីពិកាជើង។
ក្នុងអំណោយដែលបានយកប្រគល់ជូនដល់អ៊ំស្រី រួមមានថវិកា, អង្ករ, មី, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, ទឹកសុទ្ធ, ទឹកដោះគោឆៅ, ភេសជ្ជៈ, សាច់ជ្រូកផាត់ម, ត្រីងៀត, សាច់ក្រក, សៀង, មុង, ភួយ,កន្សែង, ខោទឹកនោម, សម្ភារក្មេងលេងចំនួន០៣មុខ និងសម្ភារមួយចំនួនទៀត៕ ដោយ ៖ ប៊ុនធី និងភារ៉ា