មូលនិធិ អ៊ឹងហ្វោនដេហ្សិន បានរៀបចំពិធី “បុណ្យរដូវរំហើយ” ក្នុងការប្រមូលផលស្រូវ ដើម្បីរក្សាមរតកប្រពៃណីខ្មែរនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីថែរក្សាមរតកប្រពៃណីខ្មែរតាំងពីបុរាណកាលមក គឺការប្រមូលផលស្រូវមូលនិធិអ៊ឹងហ្វោនដេហ្សិន បានរៀបចំពិធី “បុណ្យរដូវរំហើយ” ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំង វាលស្រែក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកឧកញ៉ា អ៊ឹង ប៊ុនហូវ ប្រធានមូលនិធិ អ៊ឹង ហ្វោនដេស្សិន បានមានប្រសាសន៍ថា ការរៀបចំពិធី “បុណ្យរដូវរំហើយ”នេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ ពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណជាយូរលង់ណាស់មកហើយ ម៉្យាងវិញទៀត គឺដើម្បី ឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយក្រោយពីទទួលបានសមិទ្ធិផលក៏ដូចជាការប្រមូលផលស្រូវ ។
មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន មានបេសកកម្មក្នុងការលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដ៏ផូរផង់ដែលជាដួងព្រលឹងជាតិ ឲ្យមានភាពរស់រវើក និងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកកំពង់លែង និងជុំវិញតំបន់នេះដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ពីការអភិរក្សការពារនានា និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ របស់មូលនិធិផងដែរ ។
សម្រាប់ថ្ងៃនេះជាលើកទី ២ហើយ ដែលក្រុមហ៊ុន អ៊ឹងហ្វោនដេហ្សិន បានរៀបចំពិធីនេះឡើង ដោយកាលលើកមុនយើងបានធ្វើពិធីប្រឡងច្រូតកាត់នៅទីនេះ ហើយយកស្រូវទៅបុកអំបុកនៅស្រុកកំពង់លែង។ ប៉ុន្តែសម្រាប់ថ្ងៃនេះយើងធ្វើពិធីប្រលងច្រូតកាត់ស្រូវ នៅទីនេះ រួចយើងនឹងធ្វើពិធីបុកអំបុកជាជំហានទី ២ នៅថ្ងៃទី១៧ និង ១៨ ខែធ្នូ ខាងមុខ នេះបន្តទៀត។ ហើយសម្រាប់លើកទី២ នេះដែរ គឺក្រុមហ៊ុន បានបន្ថែមកម្មវិធី១ទៀតគឺការបង្ហោះខ្លែង ដែលមានតាំងពីបុរាណកាលមក ដើម្បីបង្ហាញពីភាពរុងរឿងថ្កុំផ្កើងរុងរឿងនាសម័យដើម។
លោក អ៊ឹង ស៊ីវខូវ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យ មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយ ថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទំលាប់ វប្បធម៌និងសិល្បៈពីដូនតា។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីប្រចាំឆ្នាំផ្សេងៗទៀតដូចជា សង្ក្រានភ្នំទូកមាស កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានភាពយ៉ាងអធឹកអធម រយៈពេល ០៣ថ្ងៃ នៅស្រុកកំពង់លែង មានមនុស្សចូលរួមប្រមាណ ១ម៉ឺន៥ពាន់នាក់។ លោកបានបន្តថា មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរៀបចំព្រឹត្តិការណ៍បុណ្យរដូវរំហើយ នេះឲ្យបានជារៀងរាល់ឆ្នាំ។ ហើយយើងនឹងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងទៀត ដូចជាការរត់ម៉ារ៉ាតុងជាដើម ក្នុងពេលសមស្របខាងមុខ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនោះគណៈ
កម្មការបានរឪៀបចំការប្រឡងច្រូតស្រូវ ដែលមាន ៨ក្រុមមកពីបណ្តាស្រុកក្រុងទាំង ៨របស់ខេត្តកំពង់ឆ្នាំង ចំពោះលទ្ធផល គឺប្រកាសក្រោយពេលប្រឡង់បុកអំបុកនៅស្រុកកំពង់លែង ដែលគ្រោងបន្តធ្វើនៅពាក់កណ្តាលខែនេះ ៕
សុខ គឹមសៀន