ប្រធាន គ.ជ.ប បញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង៖ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជូនឯកឧត្តម គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងថា “ចំពោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ។ បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតតាមបញ្ជីគណបក្សនយោបាយ មិនមែនតាមប្រព័ន្ធឯកត្តនាមនោះទេ”។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា “UNTAC” រួចមក ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងសកល ទាំងអសកលយ៉ាងទៀងទាត់ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត បានចំនួន១៦លើក រួចមកហើយ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានជម្រាបជូនអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តដោយជោគជ័យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានតម្លាភាព។ ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយមានការចូលរួមតាមដាន និងឃ្លាំមើលពីសំណាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភ្ញៀវពិសេសដែលជាប្រតិភូនៃបណ្តាស្ថានទូត និងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថា បានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តថា ការកែលម្អ និងធ្វើឱ្យប្រសើរឡើងទាំងក្នុងក្របខ័ណ្ឌច្បាប់ និងបច្ចេកទេស ពិសេសការពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការគ្រប់គ្រង និងបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត បានបង្កើនប្រសិទ្ធភាពការងារ តម្លាភាព ភាពឆាប់រហ័ស និងជំនឿទុកចិត្តលើការងារបោះឆ្នោត ជាលទ្ធផលប្រជាពលរដ្ឋដ៏ច្រើនកុះករចំនួន ៨០.៣២% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោតដោយសេរី ដោយរីករាយ និងទំនុកចិត្ត ដោយគ្មានការភ័យខ្លាច និងការគាបសង្កត់។ ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បច្ចុប្បន្ន គ.ជ.ប បាននិងកំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានជម្រាបជូនប្រតិភូអំពី សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់ក្នុងការប្រតិបត្តិការការងារបច្ចេកទេសបោះឆ្នោតជាក់ស្ដែង និងបានផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ជាជំហានដំបូង ហើយពេលនេះ គ.ជ.ប កំពុងធ្វើការពិនិត្យសិក្សា និងពិចារណាលើរាល់មតិយោបល់របស់ភាគីពាក់ព័ន្ធដែលបានលើកឡើង ដោយផ្អែកលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាធរមាន និងសម្រេចអនុម័តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សានេះគណៈប្រតិភូបេសកកម្មសុឆន្ទៈ ឯកឧត្តម គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសហការីបានលើកជាសំណួរទៅឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ ឆ្លើយតបនឹងសំណួររបស់ប្រតិភូ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនដូចតទៅ៖
-គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋប្រមាណ ៨៨.៧៦% បានចុះឈ្មោះបោះឆ្នោត និងគម្រោងការិយាល័យបោះឆ្នោតមានប្រមាណ ២៣.៧៦០ ការិយាល័យ។
-ចំពោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជាគឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ។
-ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានរយៈពេល ២១ថ្ងៃ និងគ្មានហិរញ្ញប្រទានរបស់រដ្ឋផ្តល់ជូនគណបក្សនយោបាយទេ។ ហើយការឃោសនាប្រព្រឹត្តទៅតាមគ្រប់រូបភាព និងមានការបែងចែកម៉ោងឃោសនាស្មើគ្នានៅតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ។
-បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតតាមបញ្ជីគណបក្សនយោបាយ មិនមែនតាមប្រព័ន្ធឯកត្តនាមនោះទេ។
-នៅគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតមានមន្ត្រីបោះឆ្នោត អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ (ភ្នាក់ងារគណបក្សមានសិទ្ធិតវ៉ា និងប្តឹង)។
-ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសិទ្ធិបោះឆ្នោត និងត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អ្នកផ្លាស់ប្តូរទីលំនៅ ត្រូវចុះឈ្មោះថ្មី និងត្រូវលុបឈ្មោះនៅឃុំ សង្កាត់ចាស់។

ឆ្លើយតបទៅនឹងសំណួរអំពីសមាសភាព គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជម្រាបជូនថា ក្រោយគណបក្សមួយត្រូវបានរំសាយនៅ ឆ្នាំ២០១៧ មានសមាជិក គ.ជ.ប មួយចំនួនសុំលាឈប់។ បន្ទាប់មក សមាសភាព គ.ជ.ប ត្រូវបានរដ្ឋសភាជ្រើសរើសបំពេញ តាមរូបមន្ត បួន បួន បូក ១។ ប្រធាន អនុប្រធាន សមាជិក គ.ជ.ប ត្រូវលាឈប់ពីគណបក្សនយោបាយ ហើយអាចចូលជាសមាជិកគណបក្សនយោបាយវិញបានក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីបញ្ចប់អាណត្តិការងារ ឬបាត់បង់តំណែង។ ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិនៅពេលសមាជិកថ្មីចូលកាន់តំណែង។ នៅទីបញ្ចប់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សារយៈពេលជិតពីរម៉ោងដ៏មានសារៈប្រយោជន៍ និងមានការជូនកាដូជាអនុស្សាវរីយ៍ទៅវិញទៅមកដោយភាពស្និទ្ធស្នាល និងរីករាយ៕ឮ
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner